(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហាក់ដូចជាកំពុងយល់សុបិនអាក្រក់ដែលកំពុងលងបន្លាចរូបលោក ក្នុងនោះរួមមានស្ថានការណ៍ តានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន, អតិផរណាឡើងខ្ពស់កប់ពពក ហើយមេរោគបំប្លែងថ្មីអូមីក្រុង នៅតែបន្តវាយលុកនៅទូទាំងសហរដ្ឋអាមេរិក។

ការស្ទង់មតិជាច្រើននាពេលកន្លងមក, អត្រាគាំទ្រលោក បៃដិន មានកម្រិតទាបជាង ៤០ភាគរយទៅទៀត ខណៈគណបក្សប្រជាធិបតេយ្យរបស់លោក ក៏កំពុងបាត់បង់អារម្មណ៍ល្អចំពោះរូបលោក ដែរ។ ការស្ទង់មតិថ្មីចុងក្រោយបំផុតមួយ ធ្វើឡើងដោយវិទ្យាស្ថាន Pew Research បានបង្ហាញថា ៧៦ភាគរយតែប៉ុណ្ណោះនៃអ្នកប្រជាធិបតេយ្យដែលគាំទ្រការដឹកនាំរបស់លោក ធៀបទៅនឹង៩៥ភាគរយដែលគាំទ្ររូបលោកកាលពីខែមីនា ឆ្នាំ២០២១។

តែទោះជាបែបនេះក្ដី លោក បៃដិន នៅមានឱកាសមាសដែលអាចជួយស្ដារស្ថានការណ៍ឡើងវិញ នោះគឺការជ្រើសរើសចៅក្រមតុលាការកំពូលរបស់ សហរដ្ឋអាមេរិក។ ការជ្រើសតាំងចៅក្រមតុលាការកំពូលជំនួសលោក Stephen Breyer ដែលបានសម្រេចចិត្តចូលនិវត្តន៍ បានក្លាយជាព័ត៌មានមួយដ៏ធំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលកំពុងគ្របដណ្ដប់ទៅលើព័ត៌មានដទៃ ក្នុងនោះរួមមានអ៊ុយក្រែន, COVID-19 និងអតិផរណា ដោយត្រូវចេញផ្សាយនៅលើ ទំព័រមុខនៃកាសែតអាមេរិកធំៗ។

រឿងល្អ ២ សម្រាប់លោក បៃដិន គឺលោកអាចនឹងធ្វើការមួយ ដែលមានតែប្រធានាធិបតីម្នាក់ប៉ុណ្ណោះអាចធ្វើបាន គឺតែងតាំងចៅក្រមតុលាការកំពូលថ្មី ហើយលោកអាចនឹងយកឱកាសនោះ ផ្លាស់ប្ដូរប្រធានបទ ដែលប្រជាជនអាមេរិកកំពុងមិនសប្បាយចិត្តចំពោះការដឹកនាំរបស់លោក។

ទី២៖ គឺលោក បៃដិន អាចបង្កើតប្រវតិ្តសាស្ត្រថ្មីមួយ នោះគឺតែងតាំងចៅក្រមជាស្ត្រីស្បែកខ្មៅម្នាក់ដំបូងបំផុត។ បើគេចាំមិនភ្លេចទ នៅក្នុងការធ្វើ
យុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២០ លោក បៃដិនបានសន្យាថានឹងតែងតាំងស្ត្រីស្បែកខ្មៅម្នាក់ ឱ្យកាន់តំណែងនៅក្នុងតុលាការកំពូល។ ដូច្នេះ ប្រសិនបើលោកអាចសម្រេចពាក្យសន្យានេះបាន លោកនឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់អាមេរិក ដែលមិនធា្លប់មានស្ត្រីស្បែកខ្មៅកាន់ តំណែងជាចៅក្រមតុលាការកំពូលឡើយ។ ម្យ៉ាងវិញទៀត វាក៏អាចជួយទាក់ទាញសន្លឹកពីប្រជាជនអាមេរិកស្បែកខ្មៅផងដែរ។

គួរបញ្ជាក់ថា ចៅក្រមតុលាការកំពូលអាមេរិក លោក Stephen Breyer បានសម្រេចចិត្តចូលនិវត្តន៍នៅពេលអាណត្តបច្ចុប្បន្នរបស់លោក បញ្ចប់នៅខែមិថុនាខាងមុខនេះ។ តែទោះជាបែបនេះក្ដី វាមិនអាចផ្លាស់ប្ដូរសំឡេងអភិវរក្សនិយមភាគច្រើនបាននោះទេ ពោលគឺសំឡេងចៅក្រមកំពូល ៦នាក់តែងតាំងដោយប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និង៣នាក់តែងតាំងដោយប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២)