(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ីនឹងត្រូវចាកចេញពីប្រទេសបេឡារុស នៅពេលដែលសមយុទ្ធយោធារួមគ្នារវាងអតីតដែនដីសហភាពសូវៀតទាំង២ បិទបញ្ចប់នៅ ខែកុម្ភៈខាងមុខនេះ។ នេះបើតាមក្រសួងការពារជាតិបេឡារុស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិបេឡារុសបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នៅពេលដែលសមយុទ្ធ យោធារួមគ្នាបិទបញ្ចប់ នោះកងទ័ពរុស្ស៊ីនឹងត្រូវចាកចេញពីទឹកដីបេឡារុស»

ការដាក់ពង្រាយកងទ័ពរុស្ស៊ី ទៅកាន់ប្រទេសបេឡារុស ត្រូវបានបណ្ដាប្រទេសលោកខាងលិចចោទថាជាផ្នែកមួយ នៃការបង្កើនឥទ្ធិពលយោធារបស់ ទីក្រុងម៉ូស្គូ នៅចំពោះមុខការបារម្ភថារុស្ស៊ីអាចនឹងប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបើកការវាយប្រហារលើអ៊ុយក្រែន ដែលក្រុមមន្ត្រីអាមេរិកព្រមានថា អាចធ្វើឡើងនៅពាក់កណ្ដាលខែកុម្ភៈខាងមុខ៕