(ប៉ារីស)៖ ក្រោយកិច្ចប្រជុំអស់រយៈពេល ៨ម៉ោងរវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ភាគីទាំងពីរបានយល់ព្រម ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តឃ្លាំមើលបទឈប់បាញ់មួយ នៅភាគខាងកើតអ៊ុយក្រែន រហូតដល់កិច្ចប្រជុំជាថ្មីទៀត កើតឡើងនៅខែកុម្ភៈ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខៃមករា ឆ្នាំ២០២២។

ប្រទេសបារាំងដែលជាម្ចាស់ផ្ទះ បានចាត់ទុកការបោះជំហានខាងលើនេះថា ជា «សញ្ញាវិជ្ជមាន» ខណៈការបន្តបង្កើនចំនួនកងទ័ពដល់រាប់សែននាក់ និងសព្វាវុធធុនធ្ងន់ជាច្រើនទៀត នៅលើទឹកដីរុស្ស៊ីក្បែរព្រំដែនអ៊ុយក្រែននោះ បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច ព្រមានស្ទើរជារៀងរាល់ថ្ងៃ អំពីការត្រៀមវាយប្រហារដោយរុស្ស៊ី លើអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ជំនួយការម្នាក់របស់ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលសុំមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាដែលត្រូវបានរៀបចំឡើង នៅទីក្រុងប៉ារីស នៅថ្ងៃពុធនេះ (ម៉ោងនៅប៉ារីស) គឺស្ថិតក្នុងគោលដៅដោះស្រាយបញ្ហា នៃក្រុមឧទ្ទាមផ្តាច់ទឹកដី នៅភាគខាងកើតអ៊ុយក្រែន ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ ២០១៤ មកប៉ុណ្ណោះ មិនមែនទៅលើស្ថានការណ៍ក្តៅគគុកបច្ចុប្បន្ន នៃការភ័យខ្លាចរុស្ស៊ី ឈ្លានពានអ៊ុយក្រែននោះឡើយ។

ប៉ុន្តែមន្ត្រីបារាំងខាងលើនេះ បានសង្កត់ធ្ងន់ថា វាក៏អាស្រ័យទៅលើរុស្ស៊ីដែរថា ចង់ផ្តល់សញ្ញាវិជ្ជមាន ឬក៏អត់នោះ ហើយក្រោយកិច្ចពិភាក្សាដ៏លំបាក អស់រយៈពេល ៨ម៉ោង នៅទីបំផុតលទ្ធផលបានចេញមកជាលក្ខណៈ «វិជ្ជមាន»។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៩ ដែលប្រទេសរុស្ស៊ី និងអ៊ុយក្រែន យល់ព្រមចុះហត្ថលេខារួមគ្នា អមដោយបារាំង និងអាល្លឺម៉ង់ ពាក់ព័ន្ធនឹងជម្លោះចង់ផ្តាច់ទឹកដីពីសំណាក់ក្រុមឧទ្ទាម នៅភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគេដឹងថា គាំទ្រដោយទីក្រុងម៉ូស្គូនោះ។ ប្រទេសទាំង ៤ ដែលត្រូវបានគេហៅថា ក្រុមប្រទេស ណ័រមែនឌី (Normandy Group) នេះ បានព្យាយាមស្វែងរកសន្តិភាព ឲ្យតំបន់ភាគខាងកើតអ៊ុយក្រែនវិញ តាំងតែពីឆ្នាំ ២០១៤ មកម្ល៉េះ៕