(សេអ៊ូល)៖ ករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង ត្រូវបានកត់ត្រារហូតដល់ទៅ ១,៣១២នាក់ក្នុងមួយថ្ងៃ ជាលើកដំបូងបំផុត ហើយសន្ទុះនៃការឆ្លងរាតត្បាតដ៏ខ្ពស់នេះ គឺដោយសារតែវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

នេះជាការបំបែកកំណត់ត្រា ២ថ្ងៃជាប់ៗគ្នា ដោយកាលពីថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងត្បូងបានប្រកាសអំពីករណីឆ្លង រហូតដល់ទៅជាង ៨,០០០ករណី ជាលើកដំបូងផងដែរ។ នេះជាឥទ្ធិពលនៃវីរុសបំប្លែងថ្មី Omicron បើទោះបីជាប្រទេសអាស៊ីបូព៌ាមួយនេះ ទើបតែបានដាក់ចេញនូវវិធានការ បង្កើនគម្លាតសង្គមបន្ថែមទៀតក្តី។

គួរបញ្ជាក់ថា ទោះបីជាមានការឆ្លងរាតត្បាតកាន់តែខ្លាំងក្តី ក៏ប្រទេសដែលមានប្រជាជនជិត ៥២លាននាក់មួយនេះ មិនបានចេញវិធានការបិទខ្ទប់អ្វីនោះឡើយ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃពុធនេះថា «យើងត្រូវតែបន្តបោះជំហានទៅមុខ ហើយគោលដៅជាអាទិភាពរបស់យើង គឺការកាត់បន្ថយអត្រាអ្នកជំងឺឈឺធ្ងន់ និងមរណភាព»

គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 សរុប ៧៦២,៩៨៣ករណី ក្នុងនោះស្លាប់ ៦,៦២០នាក់ និងជាសះស្បើយវិញ ៦០៧,២៧៩នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការវិញ កូរ៉េខាងត្បូងសម្រេចបាន ១១៣លានដូស ក្នុងនោះប្រជាជន ៤៣.៩លាននាក់ (៨៤.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់់គ្រប់ដូស និង ២៥.៧៨លាននាក់បានចាក់ដូសជំរុញ៕