(បាងកក)៖ អាជ្ញាធរថៃនាថ្ងៃអង្គារនេះ បានប្រកាសឱ្យដឹងថា កញ្ឆានឹងត្រូវលុបឈ្មោះចេញពីបញ្ជីនៃគ្រឿងញៀន ដើម្បីបើកផ្លូវឱ្យប្រជាជនថៃ អាចនាំគ្នាដាំដុះរុក្ខជាតិនេះ នៅតាមផ្ទះរបស់ពួកគេបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្រ្តីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្រោមគោលការណ៍ថ្មី ប្រជាជនថៃអាចដុះរុក្ខជាតិកញ្ឆានៅតាមផ្ទះបាន ក្រោយមានការជូនដំណឹងត្រឹមត្រូវ ដល់អាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេ ប៉ុន្តែវាមិនអាចយកទៅប្រើប្រាស់ សម្រាប់គោលដៅអាជីវកម្ម ដោយពុំមានអាជ្ញាបណ្ណនោះឡើយ។

គោលការណ៍ថ្មីខាងលើ នឹងត្រូវចុះផ្សាយនៅក្នុងកាសែតផ្លូវការរដ្ឋាភិបាលថៃ រ៉ូយ៉ាល់ ហ្កាហ៊្សែត (Royal Gazette) ហើយទាល់តែរយៈពេល១២០ថ្ងៃ បន្ទាប់ពីនោះ ទើបការដាំកញ្ឆានៅតាមលំនៅឋាន អាចក្លាយជាទង្វើស្របច្បាប់។ កន្លងមក ប្រធានអាជ្ញាធរត្រួតពិនិត្យចំណីអាហារនិងឱសថថៃ លោក ផៃសាល ដានឃុម (Paisal Dankhum) ធ្លាប់បាននិយាយថា កញ្ឆាដែលដាំនៅតាមផ្ទះ គួរតែយកទៅប្រើប្រាស់សម្រាប់ការធ្វើជាឱសថ ដូចជាថ្នាំបុរាណ ប៉ុណ្ណោះ ហើយក៏នឹងមានចុះធ្វើអធិការកិច្ចដោយឥតព្រៀងទុកផងដែរ។

គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ក្រសួងសុខាភិបាលថៃនឹងបង្ហាញ សេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយដល់សភា ដែលមានរៀបរាប់អំពី ព័ត៌មានលម្អិតទាក់ទងនឹងការប្រើប្រាស់កញ្ឆាដោយស្របច្បាប់។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានចែងនូវការដាក់ពិន័យផងដែរ គឺការដាំកញ្ឆាដោយមិនបានជូនដំណឹងដល់អាជ្ញាធរ នឹងរងការពិន័យជាប្រាក់រហូតដល់២០,០០០បាត ឬស្មើនឹងជាង៦០០ដុល្លារអាមេរិក ព្រមទាំងការពិន័យជាប្រាក់ ៣០០,០០០បាត ឬការជាប់ពន្ធនាគារ៣ឆ្នាំ ឬក៏ទាំង២តែម្តង សម្រាប់ការលក់កញ្ឆាដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ ថៃបានក្លាយជាប្រទេសអាស៉ីអាគ្នេយ៍ដំបូងគេ ដែលបានផ្តល់ភាពស្របច្បាប់ដល់ កញ្ឆា កាលពីឆ្នាំ២០១៨ សម្រាប់ការប្រើប្រាស់ជាឱសថ និងសម្រាប់ការសិក្សាស្រាវជ្រាវ៕