(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសរុស្ស៊ី ហាក់ដូចជាមិនចាប់អារម្មណ៍ទាល់តែសោះនៅចំពោះមុខការព្រួយបារម្ភពីលទ្ធភាពផ្ទុះសង្រ្គាម ខណៈ អង្គការ NATO កំពុងបង្កើនកម្លាំងយោធានៅក្នុងតំបន់អឺរ៉ុបខាងកើត ហើយបណ្ដាប្រទេសលោកខាងលិច ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូ បើកការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនបានផ្ដោតសំខាន់លើភាពតានតឹងជាមួយអ៊ុយក្រែន និង NATO នោះទេ ផ្ទុយទៅវិញពួកគេ បែរជាចេញផ្សាយព័ត៌មានផ្សេង ក្នុងនោះរួមមានការចូលរួម និងក្ដីសង្ឃឹមរបស់អត្តពលិករុស្ស៊ីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង រួមទាំង ការកើនឡើងករណីឆ្លង COVID-19 បង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ទូរទស្សន៍រដ្ឋរុស្ស៊ីបាននិយាយថាការភ័យខ្លាចរបស់លោកខាងលិច គឺជាមូលហេតុមួយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ រុស្ស៊ី បានអះអាងជារឿយៗថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយទេ ខណៈអាមេរិក និង NATO បានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានដាក់ពង្រាយកងទ័ពជាង «១សែននាក់» នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន៕