(ប៊ែរឡាំង)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថាលោកនឹងស្វែងរកការបញ្ជាក់ឱ្យច្បាស់ពីចេតនារបស់រុស្ស៊ី ចំពោះ អ៊ុយក្រែន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈមានការភ័យខ្លាចកាន់តែខ្លាំងពីការផ្ទុះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅឯទីក្រុងប៊ែរឡាំង ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយមេដឹកនាំទាំង២ ក៏បានបង្ហាញការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន ព្រមទាំងបញ្ជាក់ជាថ្មីជំហរថារុស្ស៊ីនឹង ទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានប្រើកម្លាំងយោធាលើអ៊ុយក្រែនមែននោះ។

គួរបញ្ជាក់ថា នៅថ្ងៃពុធសប្ដាហ៍នេះដែរ អ្នកតំណាងមកពីរដ្ឋាភិបាលបារាំង, អាល្លឺម៉ង់, រុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងនាពេលបច្ចុប្បន្ន៕