(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ មករានេះថា ចក្រភពអង់គ្លេស នឹងមិនស្ទាក់ស្ទើរក្នុងការរឹតបន្តឹងទណ្ឌកម្មលើទីក្រុងមូស្គូឡើយ ប្រសិនរុស្ស៊ីហ៊ានឈ្លានពានអ៊ុយក្រែន ហើយថាខ្លួននឹងសម្លឹងមើលការរួមចំណែកដល់ការដាក់ពង្រាយកងទ័ពរបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

លោក Johnson បានប្រាប់សភាថា «យើងនៅក្នុងចក្រភពអង់គ្លេសនឹងមិនស្ទាក់ស្ទើរក្នុងការពង្រឹងការដាក់ទណ្ឌកម្មជាតិ ប្រឆាំងនឹងរុស្ស៊ីឡើយ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចនឹងធ្វើនោះ»

គួរបញ្ជាក់ថា ជុំវិញបញ្ហាអ៊ុយក្រែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការ NATO បានប្រកាសថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៉ី ដែលរងការចោទប្រកាន់ពី ក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល ១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន៕