(តែលអាវីវ)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែលនាថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមប្រឹក្សាផ្នែកសុខាភិបាលរបស់រដ្ឋាភិបាល ទើបតែបានចេញអនុសាសន៍ ឱ្យផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៤ ដល់ប្រជាជនដែលពេញវ័យទាំងអស់តែម្តង ក្រោមលក្ខខណ្ឌថា ពួកគេបានចាក់វ៉ាក់សាំងដូសទី៣ ឬជាសះស្បើយពីជំងឺយ៉ាងហោចរយៈពេល៥ខែ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

បច្ចុប្បន្នប្រជាជននៅអ៉ីស្រាអែល ដែលមានអាយុលើសពី៦០ឆ្នាំ និងក្រុមអ្នកដែលប្រឈមហានិភ័យខ្ពស់ ទើបអាចទទួលបានការផ្តល់វ៉ាក់សាំងដូសទី៤។ យ៉ាងណាមិញ ទោះបីមានការផ្តល់អនុសាសន៍ដូចខាងលើក៏ដោយ ដើម្បីអាចអនុវត្តគោលការណ៍ថ្មីនោះបាន គឺវាត្រូវឆ្លងកាត់ការអនុម័ត របស់អគ្គនាយកនៃក្រសួងសុខាភិបាលអ៉ីស្រាអែលសិន។ សម្រាប់ការអនុម័តវិញ គឺមិនទាន់ច្បាស់ថា នឹងកើតឡើងនៅពេលណានោះទេ។

យោងតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលអ៉ីស្រាអែល ការផ្តល់អនុសាសន៍ខាងលើត្រូវបានធ្វើឡើង ដោយសារតែ លទ្ធផលសិក្សារកឃើញថា អ្នកដែលបានចាក់ដូសទី៤ ទទួលបានការការពាររឹងមាំជាង៣ទៅ៥ដង ប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ ហើយទ្វេដងប្រឆាំងនឹងការឆ្លង បើធៀបនឹងអ្នកដែលចាក់វ៉ាក់សាំងបាន៣ដូស៕