(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិបញ្ចកោណ នៃសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានជំរុញឲ្យប្រទេសកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុនានា និងងាកមកស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយភាពតានតឹងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងយ៉ាងដូច្នេះថា «យើងច្បាស់លាស់ណាស់ថា យើងពិតជាមានក្តីព្រួយបារម្ភ ចំពោះមហិច្ឆតាអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ទីក្រុងព្យុងយ៉ាង។ យើងនៅតែបន្តការថ្កោលទោស ចំពោះបញ្ហានេះ ហើយក៏អំពាវនាវផងដែរឲ្យកូរ៉េខាងជើង បញ្ឈប់ការបង្កហេតុ និងងាកមកគោចរច្បាប់អន្តរជាតិ ព្រមទាំងដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏ដូចជាការព្យាយាមស្វែងរកមធ្យោបាយ កាត់បន្ថយភាពតានតឹងផងដែរ»។

គួរបញ្ជាក់ថា នៅក្រោយការអំពាវនាវរបស់សហរដ្ឋអាមេរិក តែប៉ុន្មានម៉ោងប៉ុណ្ណោះ ប្រទេសកូរ៉េខាងជើងត្រូវបាន យោធាកូរ៉េខាងត្បូងចាប់បានថា បានធ្វើតេស្តមីស៊ីលចំនួន ២គ្រាប់ទៀត ដែលជាប្រភេទមីស៊ីលគ្រូស (cruise missile) ចេញពីលើដី ហើយវាក៏ជាលើកទី ៥ ផងដែរ សម្រាប់ដើមឆ្នាំ២០២២ នេះ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីល៕