(ន័រស៊ូលតង់)៖ អាជ្ញាធរនិងប្រជាជននៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន និងអ៊ូសបេគីស្ថាន ដែលនៅតំបន់អាស៉ីកណ្តាល នាថ្ងៃអង្គារនេះ បាននាំគ្នារាយការណ៍អំពីបញ្ហាដាច់ថាមពលអគ្គិសនី នៅតាមទីក្រុងធំៗ ខណៈមូលហេតុដែលបង្កឱ្យមានបញ្ហានេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

បណ្តាញប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសទាំង៣ គឺត្រូវបានតភ្ជាប់គ្នា ប៉ុន្តែកាហ្សាក់ស្ថាន ក៏មានការតភ្ជាប់ទៅកាន់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី របស់ប្រទេសរុស្ស៉ី ដែលខ្លួនអាចប្រើប្រាស់សម្រាប់ពេលខ្វះខាត ដោយមិនបានរំពឹងទុកណាមួយផងដែរ។ ភ្លាមៗនេះ ហាក់ពុំទាន់អាចមាន ការបញ្ជាក់អំពីដើមហេតុ ដែលបង្កឱ្យមានបញ្ហាដាច់ចរន្តអគ្គិសនីនៅឡើយទេ។

គួរបញ្ជាក់ថា សម្រាប់នៅប្រទេសកាហ្សាក់ស្ថាន ការដាច់ចរន្តអគ្គិសនី ត្រូវបានគេរាយការណ៍ពីទីក្រុងធំបំផុតគឺអាល់ម៉ាទី (Almaty) និងបណ្តាទីក្រុងធំៗចំនួនទៀតនៅភាគខាងត្បូង ដែលកៀកនឹងព្រំប្រទល់របស់កៀហ្ស៉ីស៉ីស្ថាន និងអ៊ូសបេគីស្ថាន៕