(វ៉ាស៊ីនតោន)៖ តេឡេស្កូបអវកាស James Webb ដែលអង្គការអវកាសអាមេរិក NASA, អង្គការអវកាសអឺរ៉ុប ESA និងអង្គការអវកាសកាណាដា CSA បានសហការគ្នាអភិវឌ្ឍ និងផលិតឡើង ដោយចំណាយពេលអស់រាប់ទសវត្សរ៍នោះ នៅទីបំផុតបានទៅដល់គន្លងគោចរ L2 របស់វា ដែលស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដីហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

James Webb ត្រូវបានបាញ់បង្ហោះចេញពីភពផែនដី កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ និងបានទៅដល់គន្លងគោចរខាងលើនេះជាផ្លូវការ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។ ប្រធានអង្គការ NASA លោក បៀល ណែលសុន (Bill Nelson) បានថ្លែងភ្លាមៗ បន្ទាប់ពីការទទួលបានជោគជ័យនោះថា «ស្វាគមន៍ James Webb ដែលទៅដល់គន្លងគោចរ! យើងបានបោះមួយជំហានទៀត ដើម្បីត្រៀមទៅបើកកកាយ អាថ៌កំបាំងរបស់ចក្រវាលមួយនេះហើយ។ ខ្ញុំពិតជាអន្ទះសាណាស់ ក្នុងការមើលឃើញទិដ្ឋភាពដំបូង របស់ចក្រវាល ដែលនឹងត្រូវផ្តិតយកដោយ James Webb នៅរដូវក្តៅខាងមុខនេះ»។

L2 ជាគន្លងគោចរ ដែលមានព្រះចន្ទស្ថិតនៅចន្លោះរវាងផែនដី និង James Webb ហើយទាំងភពផែនដី និង James Webb គោចរទាំងចង្កោម ព័ទ្ធជុំវិញព្រះអាទិត្យ។ James Webb មានឧបករណ៍ការពារពន្លឺថ្ងៃចំនួន ៥ស្រទាប់ ដើម្បីការពារខ្លួនវា និងឧបករណ៍សំខាន់ៗដូចជា ឧបករណ៍ស្រូបពន្លឺ អ៊ីនហ្វ្រា (Infrared) និងបន្ទះកញ្ចក់ស្រូបពន្លឺទាំង ១៨ផ្ទាំង ពីកាំរស្មីដ៏គ្រោះថ្នាក់ និងកម្តៅចេញពីព្រះអាទិត្យ។

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb មានតម្លៃអភិវឌ្ឍសរុបជិត ១០ពាន់លានដុល្លារអាមេរិក។ វាគឺជាឧបករណ៍វិទ្យាសាស្ត្រ ដែលត្រូវបានចំណាយប្រាក់អភិវឌ្ឍច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ បើទោះបីជាកែវយឺតអវកាសអាយុជាង ៣០ឆ្នាំ គឺ Hubble នៅតែអាចដំណើរការបានមែន តែ James Webb ត្រូវបានអភិវឌ្ឍឡើង ដើម្បីបន្តវេនពី Hubble យ៉ាងពិតប្រាកដ៕