(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអះអាង នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា កងទ័ពរបស់ខ្លួនសរុប ៨,៥០០នាក់ ត្រូវបានបញ្ជាឲ្យប្រុងជើងការរួចជាស្រេច ដើម្បីត្រៀមដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO ត្រូវការ ឆ្លើយតបនឹងស្ថានការណ៍តានតឹងកាន់តែខ្លាំង រវាងអ៊ុយក្រែន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

ទោះបីជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកខាងលើនេះ មិនបានបង្ហាញការគាំទ្រទៅអ៊ុយក្រែនដោយចំពោះ ព្រោះតែអ៊ុយក្រែនមិនមែនជាសមាជិក NATO ក៏ដោយ ប៉ុន្តែនេះជារឿងធម្មតា ដែលសហរដ្ឋអាមេរិកត្រូវគាំទ្រអង្គការ NATO ក្នុងការរៀបចំទប់ទល់នឹងការបង្កើនទ័ព និងសព្វាវុធពីសំណាក់រុស្ស៊ី។

អ្នកនាំពាក្យមន្ទីរការពារជាតិអាមេរិកបញ្ចកោណ លោក ចន ខឺប៊ី (John Kirby) បានលើកឡើងថា កងទ័ពអាមេរិកប្រមាណ ៨,៥០០នាក់ ត្រូវបានប្រាប់ឲ្យប្រុងជើងការរួចរាល់ហើយ ដើម្បីត្រៀមចេញប្រតិបត្តិការ តបតាមគោលការណ៍អង្គការ NATO។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការ NATO ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៉ី ដែលរងការចោទប្រកាន់ពី ក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល ១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន។

ចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជា ការត្រៀមលក្ខណៈលើកទ័ពចូលអ៊ុយក្រែន នៅចុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ដោយឡែក ខាងរុស្ស៊ីវិញ ក៏បានចេញមុខបដិសេធជាច្រើនផងដែរថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែបានព្រមានទុកជាមុន ក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយ ពីអ៊ុយក្រែន និង NATO៕