(ប្រ៊ុចសែល)៖ អង្គការណាតូ (NATO) បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែមករានេះថា ខ្លួនកំពុងដាក់កម្លាំងបម្រុងនៅអឺរ៉ុបខាងកើត ជាមួយនឹងនាវា និងយន្តហោះចម្បាំងបន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការបង្កើនកម្លាំងយោធារបស់រុស្ស៊ីនៅព្រំដែនអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការនេះ គឺបន្ថែមលើសញ្ញាជាច្រើនដែលថាលោកខាងលិចកំពុងរៀបចំសម្រាប់សកម្មភាពឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ទោះបីជាទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតចំពោះគម្រោងឈ្លានពានណាមួយក៏ដោយ។

លោក Jens Stoltenberg អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធាលោកខាងលិចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំស្វាគមន៍សម្ព័ន្ធមិត្តដែលរួមចំណែកបន្ថែមកម្លាំងដល់ណាតូ។ ណាតូនឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងការពង្រឹងយោធាផ្នែកខាងកើត នៃសម្ព័ន្ធមិត្តផងដែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៉ី ដែលរងការចោទប្រកាន់ពីក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន។ ចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជា ការត្រៀមលក្ខណៈលើកទ័ពចូលអ៊ុយក្រែន នៅក្នុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ខាងរុស្ស៊ីវិញ ក៏បានចេញមុខបដិសេធជាច្រើនផងដែរថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែបានព្រមានទុកជាមុនក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយពីអ៊ុយក្រែន និង NATO៕