(នូគូអាឡូហ្វា)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានអះអាងថា បន្ទុះភ្នំភ្លើងដ៏ខ្លាំងមហិមារហូតបង្កជារលកស៊ូណាមិ កាលពីពេលកន្លងទៅ នៅឯប្រទេសដីកោះតុងហ្កា (Tonga) នៃភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក បានបញ្ចេញថាមពលស្មើនឹងកម្លាំងគ្រាប់បែកបរមាណូ ដែលត្រូវបានទម្លាក់ទៅលើ ទីក្រុងហ៉ីរ៉ូស៉ីម៉ារបស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោក ដល់ទៅរាប់រយដងឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

អង្គការ NASA បាននិយាយថា ភ្នំភ្លើងឈ្មោះ តុងហ្កា ហាំងហ្កា ហាអាប៉ៃ (Hunga Tonga-Hunga Ha'apai) បានជះផ្សែង-ផេះ និងកម្ទេចកម្ទីឡើងលើ ផ្ទៃអាកាសកម្ពស់ខ្ពស់រហូតដល់ ៤០គីឡូម៉ែត្រ នៅពេលដែលវាផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមករា និងបង្កឱ្យមានរលកស៊ូណាមិ។ លោក ជីម ហ្កាវីន (Jim Garvin) អ្នកវិទ្យាសាស្រ្តមួយរូបរបស់ NASA បានលើកឡើងយ៉ាងដូច្នេះថា «តាមការយល់ឃើញរបស់ពួកយើង គឺបរិមាណនៃថាមពល ដែលបញ្ចេញដោយព្រឹត្តិការណ៍បន្ទុះភ្នំភ្លើងនោះ គឺស្មើនឹងខ្ទង់ចន្លោះ ៥-៣០មេហ្កាតោននៃសារធាតុផ្ទុះ TNT»

ដូច្នេះហើយ NASA បានអះអាងថា បន្ទុះភ្នំភ្លើង Hunga Tonga-Hunga Ha'apai គឺខ្លាំងជាងគ្រាប់បែកបរមាណូអាមេរិក ដែលត្រូវបានទម្លាក់លើទីក្រុងជប៉ុន កាលពីខែសីហា ឆ្នាំ១៩៤៥ នោះ «រាប់រយដង » ដោយថាមពលរបស់គ្រាប់បែកនោះ ត្រូវគេប៉ាន់ប្រមាណថា គឺប្រហែល ១៥គីឡូតោននៃ TNT។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ៦នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិដ៏គួរឲ្យរន្ធត់នោះ ខណៈប្រទេសមួយចំនួន រួមមានជប៉ុន នូវែលសេឡង់ និងអូស្រ្តាលី បាននាំគ្នាជួយផ្គត់ផ្គង់សម្ភារចាំបាច់បន្ទាន់ផ្សេងៗ ដល់ប្រទេសដីកោះតូចមួយនេះ៕