(ឡុងដ៍)៖ មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសម្នាក់ បានព្រមានត្រង់ៗថារុស្ស៊ីនឹងត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើត «រដ្ឋាភិបាលអាយ៉ងមួយ» នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

ការព្រមានខាងលើរបស់ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក Dominic Raab ធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News និងបន្ទាប់ពីទីក្រុងឡុងដ៍ បានចោទប្រកាន់រុស្ស៊ីថាកំពុងលួចទាក់ទងជាមួយអតីតអ្នកនយោបាយអ៊ុយក្រែនមួយចំនួនដែលគាំទ្រខ្លួន ដើម្បីលើកបន្តុបពួកគេឱ្យឡើងកាន់អំណាច។ ថ្លែងនាឱកាសនោះ លោក Dominic Raab បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៊ីនឹងរងទណ្ឌកម្ម ក៏ដូចជា ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូប្រើកម្លាំងយោធា ឬក៏បង្កើតរដ្ឋាភិបាលអាយ៉ាងណាមួយ នៅក្នុងប្រទេសអ៊ុយក្រែន»

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការចោទប្រកាន់ពីចក្រភពអង់គ្លេស ក្រសួងការបរទេសរុស្ស៊ី បានចេញមុខអះអាងថាវាជារឿងមិនពិត ហើយចោទ បកទៅវិញថា NATO គឺជាអ្នកបង្កភាពតានតឹងសព្វថ្ងៃពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន៕