(ព្រុចសែល)៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅតាមដងវិថីក្នុងទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ដើម្បីប្រឆាំងនឹងវិធានការទប់ទល់ជំងឺ COVID-19 ខណៈរលកថ្មីបង្កឡើងដោយ វីរុស Omicron កំពុងបោកបក់ប្រទេសអឺរ៉ុបមួយនេះយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

សារព័ត៌មាន AFP ដដែលបានពណ៌នាថា ទំហំនៃបាតុកម្មខាងលើនេះ គឺធំធេងជាងបាតុកម្មមុនៗទៅទៀត ដោយកាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ក្រុមបាតុករបានដង្ហែក្បួន ពីចំណុចកណ្តាលនៃទីក្រុងព្រុចសែល ទៅកាន់ទីស្នាក់ការកណ្តាលនៃ សហភាពអឺរ៉ុប (EU) ហើយក៏បានប៉ះទង្គិចគ្នាដោយហិង្សា ជាមួយកងកម្លាំងប៉ូលិសផងដែរ។

នៅលើផ្ទាំងបដារបស់ក្រុមបាតុករ គេឃើញមានការសរសេរពាក្យរិះគន់ និងប្រឆាំងចំពោះនាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក អេឡិចហ្សានដឺ ដេ គ្រូ (Alexander De Croo) ជាពិសេសទៅលើកម្មវិធី «សុវត្ថិភាពពី COVID-19» ឬ «Covid Safe pass» ដែលត្រូវបានបង្កើតឡើង ដើម្បីកំណត់ថា អ្នកបានចាក់វ៉ាក់សាំងបង្ការ ឬធ្វើតេស្តអវិជ្ជមាន COVID-19 រួចរាល់ហើយឬនៅ មុននឹងអ្នកត្រូវបានអនុញ្ញាត ឲ្យចូលទៅកាន់ទីកន្លែងជាច្រើន។

គួរបញ្ជាក់ថា អ្នកដែលបានបំផុសឲ្យមានបាតុកម្មខាងលើនេះកើតឡើង ត្រូវបានគេដឹងថា ជាក្រុមចលនាទាមទារសេរីភាពសកល (WWDF) និងក្រុមសម្ព័ន្ធអឺរ៉ុបដើម្បីសេរីភាព (EUF) ជាដើម ហើយជាលទ្ធផលមនុស្សជាង ៧០នាក់ត្រូវបានចាប់ខ្លួន។ ពួកគេទាំងនេះ ក៏បានប្រកូកប្រកាសឲ្យរដ្ឋជាសមាជិក EU ផ្សេងៗទៀត ងើបឡើងតវ៉ាចំពោះកម្មវិធី «Covid Safe pass» នេះផងដែរ៕