(ប៉េកាំង)៖ រដ្ឋបាលនៅទីក្រុងប៉េកាំងនៃប្រទេសចិន នាថ្ងៃអាទិត្យនេះ បានបង្គាប់ឱ្យមានការធ្វើតេស្តរក COVID-19 កាន់តែសកម្មថែមទៀត ខណៈករណីឆ្លងក្នុងសហគមន៍ នៅតែត្រូវបានបន្តរកឃើញ ហើយសល់តែពេលមិនដល់២សប្តាហ៍ទៀតឡើយ គឺព្រឹត្តិការណ៍អូឡាំពិករដូវរងានឹងត្រូវចាប់ផ្តើមឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលចិនបានឱ្យដឹងថា សម្រាប់ថ្ងៃសៅរ៍ ទី២២ ខែមករា ករណីឆ្លង COVID-19 ក្នុងសហគមន៍ ចំនួន០៩ករណី ត្រូវបានរកឃើញនៅទីក្រុងប៉េកាំង ហើយ០៦ករណី ក្នុងចំណោមនោះ គឺស្ថិតក្នុងសង្កាត់ហ្វេងតៃ (Fengtai)។ តួលេខនេះជាការថយចុះពីចំនួន១០ករណី ដែលត្រូវបានរកឃើញកាលពីថ្ងៃសុក្រ។

អាជ្ញាធរសង្កាត់ Fengtai នឹងរៀបចំការធ្វើតេស្តសម្រាប់ អ្នករស់នៅក្នុងសង្កាត់នោះទាំងអស់ នាថ្ងៃអាទិត្យនេះ ហើយទីក្រុងប៉េកាំងបានស្នើឱ្យប្រជាជនទៅទទួលការធ្វើតេស្ត ប្រសិនបើពួកគេកត់សម្គាល់ឃើញមានរោគសញ្ញាសង្ស័យទាក់ទង COVID-19 ក្នុងចន្លោះពេល១៤ថ្ងៃ បន្ទាប់ពីទទួលបានកញ្ចប់ឥវ៉ាន់ពីប្រទេស។

អាជ្ញាធរសុខាភិបាលចិន បានទទូចឱ្យប្រជាជនពាក់ម៉ាស និងប្រើស្រោមដៃ ពេលបើកកញ្ចក់ឥវ៉ាន់ដែលមកពីបរទេស ក្រោយមានការសង្ស័យថា ករណីឆ្លងដំបូងនៃវីរុសបំប្លែងថ្មី Omicron ដែលរកឃើញនៅទីក្រុងប៉េកាំង ប្រហែលជាបានមកដល់តាមរយៈកញ្ចប់ឥវ៉ាន់ ពីប្រទេសកាណាដា។

គួរបញ្ជាក់ថា បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗនៃ COVID-19 ខណៈដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅដើមខែកុម្ភៈខាងមុខនេះ៕