(ញូដេលី)៖ ឥណ្ឌានៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួនច្រើនជាង ៣៣០,០០០នាក់ រយៈពេល៤ថ្ងៃជាប់ៗគ្នា ខណៈវាទាបជាងតួលេខថ្ងៃសៅរ៍បន្តិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ទិន្នន័យដែលបញ្ចេញដោយរដ្ឋាភិបាលឥណ្ឌា នាថ្ងៃអាទិត្យនេះ បង្ហាញឱ្យឃើញថា ឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ចំនួន៣៣៣,៥៣៣នាក់ និងករណីស្លាប់ថ្មីចំនួន៥២៥នាក់។ រីឯកាលពីថ្ងៃសៅរ៍សប្តាហ៍នេះវិញ ឥណ្ឌាបានកត់ត្រាករណីឆ្លង ៣៣៧,៧០៤នាក់ និងស្លាប់៤៨៨នាក់។

គួរបញ្ជាក់ថា នាពេលនេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់ជាង៣៩លាននាក់ ខណៈតួលេខអ្នកស្លាប់កើនជិតដល់៤៩០,០០០នាក់។ ចំណែកអត្រាអ្នកជាសះស្បើយពីជំងឺ គឺ៩៣.១៨ភាគរយ ក្នុងចំណោមករណីឆ្លងសរុប។ សម្រាប់អត្រាអ្នកចាក់វ៉ាក់សាំងវិញ គឺប្រជាជនឥណ្ឌាទើបប្រមាណជា ៥០ភាគរយប៉ុណ្ណោះ ដែលចាក់បានគ្រប់ដូស ហើយមិនដល់១ភាគរយឡើយ ដែលបានចាក់ដូសជំរុញ៕