(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញមុខរិះគន់ចំពោះអាល្លឺម៉ង់ថា បានបង្កការប៉ះពាល់ចំពោះសាមគ្គីភាពរបស់សម្ពន្ធមិត្ត ហើយផ្តល់សញ្ញាលើកទឹកចិត្តចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន តាមរយៈការបដិសេធបញ្ជូនសព្វាវុធមកឱ្យទីក្រុងកៀវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Euronews នៅថ្ងៃ អាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

នៅថ្ងៃសៅរ៍ដដែល មុនប្រតិកម្មរបស់ប្រមុខការទូតអ៊ុយក្រែន រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានប្រកាសថា ទីក្រុងប៊ែរឡាំងនឹងជួយបញ្ជូនបរិក្ខាដើម្បីរៀបចំមន្ទីរពេទ្យសមរភូមិមួយ នៅអ៊ុយក្រែន ឆ្លើយតបនឹងវិបត្តិផ្នែកសន្តិសុខរវាងលោកខាងលិច និងប្រទេសរុស្ស៉ី ប៉ុន្តែប្រមុខការពារជាតិអាល្លឺម៉ង់ បានលើកឡើងថា ការបញ្ជូនជំនួយសព្វាវុធហាក់នឹង មិនអាចចូលរួមបន្ធូរបន្ថយភាពតានតឹងបាននោះទេ។

ឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ខាងលើ លោក Kuleba ក៏បានបង្ហោះសារនៅប្រព័ន្ធ Twitter ថា «បច្ចុប្បន្ន សាមគ្គីភាពគឺមានសារសំខាន់ជាងពេលណាៗទាំងអស់ ហើយដើម្បីសម្រេចទៅបាន និងទប់ស្កាត់សកម្មភាពរបស់រុស្ស៉ី យើងត្រូវតែចូលរួមសហការគ្នា។ ដូច្នេះហើយ ភាគីអាល្លឺម៉ង់ត្រូវតែបញ្ឈប់ពាក្យសម្តីនិងទង្វើ ដែលប៉ះពាល់ដល់សាមគ្គីភាព និងដែលផ្តល់សញ្ញាលើកទឹកចិត្តឱ្យលោក វ៉្លាឌីមៀ ពូទីន បើកការវាយប្រហារមកលើអ៊ុយក្រែន»

យ៉ាងណាក្តី លោកប្រមុខការទូតអ៊ុយក្រែនបានបន្ថែមថា ទីក្រុងកៀវអរគុណអាល្លឺម៉ង់ សម្រាប់ការគាំទ្រនិងកិច្ចប្រឹងប្រែងផ្នែកការទូតក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែគោលជំហរបច្ចុប្បន្នរបស់អាល្លឺម៉ង់ គឺគួរឱ្យខកបំណង ហើយផ្ទុយពីការគាំទ្រនិងកិច្ចប្រឹងប្រែងទាំងនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត បានសន្យាបញ្ជូនសព្វាវុធ ដើម្បីជួយអ៊ុយក្រែនទប់ទល់ នឹងការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៉ី ដែលរងការចោទប្រកាន់ពីក្រុមប្រទេសលោកខាងលិចថា បានដាក់ពង្រាយកងទ័ពប្រហែល១០០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន។ ចំនួនកងទ័ពដ៏ច្រើនសន្ធឹកបែបនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកចាត់ទុកថាជា ការត្រៀមលក្ខណៈលើកទ័ពចូលអ៊ុយក្រែន នៅក្នុងខែមករានេះ ឬនៅដើមខែកុម្ភៈខាងមុខ។ ខាងរុស្ស៊ីវិញ ក៏បានចេញមុខបដិសេធជាច្រើនផងដែរថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែបានព្រមានទុកជាមុនក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយពីអ៊ុយក្រែន និង NATO៕