(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នៅខែកុម្ភៈខាងមុខនេះ ដើម្បីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ការប្រកាសពីគម្រោងបំពេញទស្សនិច្ចរបស់លោកស្រី Liz Truss ធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA និងចំពេលភាពតានតឹងរវាង រុស្ស៊ី និងលោកខាងលិចកាន់តែឡើងកម្ដៅ។ លោក Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ជួបពិភាក្សាគ្នារួចហើយ ដែរនៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែមិនទាន់អាចរកច្រកចេញសម្រាប់វិបត្តិបច្ចុប្បន្ននៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ដូច្នេះថា «រដ្ឋមន្ត្រីការបរទេសអង់គ្លេស មានគម្រោងបំពេញ ទស្សនកិច្ចមកកាន់ទីក្រុងម៉ូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Lavrov ហើយខាងទីក្រុងម៉ូស្គូក៏បានព្រមព្រៀងលើដំណើរទស្សនកិច្ចនេះដែលអាច នឹងប្រព្រឹត្តទៅនៅខែកុម្ភៈខាងមុខ»។

តែយ៉ាងណាក៏ដោយ ទាំងខាងក្រសួងការបរទេសរុស្ស៊ី និងក្រសួងការបរទេសអង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹង ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA៕