(អាមេរិក)៖ លទ្ធផលផលសិក្សាថ្មីៗចំនួន ៣ នៅសហរដ្ឋអាមេរិកបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA អាចការពារអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) មិនឲ្យធ្លាក់ខ្លួនឈឺដល់ថ្នាក់ចូលសម្រាកក្នុងមន្ទីរពេទ្យ បានរហូតដល់ទៅ ៩០% ឯណោះ។ នេះបើតាមសេចក្តីប្រកាសដោយ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ការសិក្សាទាំង ៣ ដែលដឹកនាំដោយស្ថាប័ន CDC ខាងលើនេះ គឺជាលើកដំបូងហើយ ទៅលើការតាមដានអំពីប្រសិទ្ធភាព នៃវ៉ាក់សាំងដូសជំរុញ នៅក្នុងការទប់ទល់វីរុស Omicron ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិដឹងថា វាវីរុសចម្លងលឿនរហ័សជាង វីរុសបំប្លែងខ្លួនពីមុនៗទៀត។ បច្ចុប្បន្ននេះ ករណីឆ្លងវីរុស Omicron បានរ៉ាប់រងរហូតដល់ទៅ ៩៩% នៃចំនួនករណីឆ្លង COVID-19 សរុប នៅទូទាំងសហរដ្ឋអាមេរិកទៅហើយ។

គួរបញ្ជាក់ថា បើតាមលទ្ធផលសិក្សាខាងលើនេះ វ៉ាក់សាំងដូសជំរុញ មិនត្រឹមតែអាចជួយប្រជាជនអាមេរិក ដែលឆ្លង អូមីក្រុង មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ប៉ុណ្ណោះទេ តែវាក៏អាចជំរុញប្រព័ន្ធភាពសុំារបស់ពួកគេ ទប់ទល់នឹងវីរុសនេះបានផងដែរ។ ប៉ុន្តែសម្រាប់ភាគរយជាក់លាក់ នៃការទប់ស្កាត់មិនឲ្យឆ្លងវីរុស អីមីក្រុង ដោយវ៉ាក់សាំងដូសជំរុញនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។

សម្រាប់មនុស្សអាយុ ៥០ឆ្នាំឡើងទៅ ត្រូវបានគេដឹងថា នឹងបានទទួលគុណសម្បត្តិច្រើន ពីការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ជាដើម។ គិតត្រឹមថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ឬ ដូសទី ៣ ដល់ប្រជាជនសរុប ៨២.៣២លាននាក់ហើយ ឬស្មើនឹង ២៥% នៃចំនួនប្រជាជនសរុប៕