(ប៉េកាំង)៖ «នេះជាបរាជ័យថ្មីបំផុតរបស់អ្វីដែលហៅថា ផែនការប្រតិបត្តិសំដៅចំពោះប្រទេសចិនរបស់ភាគីអាមេរិក»។ កាលពីថ្ងៃទី២០ ខែមករា តាមម៉ោងក្នុងតំបន់ ក្រសួងយុត្តិធម៌របស់អាមេរិក បានលុបចោលការចោទប្រកាន់ចំពោះលោក Chen Gang សាស្ត្រាចារ្យជនជាតិចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts ជាផ្លូវការ ទាក់ទិននឹងរឿងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានវាយតម្លៃដូចពោលខាងលើនេះ។ លោក Chen Gang បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា គ្រោះមហន្តរាយដែលលោកបានជួបប្រទះលើកនេះគឺជា «ឆ្នាំដ៏គួរឱ្យភ័យខ្លាច»

កាលពីខែមករាឆ្នាំទៅមិញ សាស្ត្រាចារ្យ Chen Gang ត្រូវសមត្ថកិច្ចអាមេរិកចាប់ខ្លួនក្នុងផ្ទះរបស់លោក ដែលស្ថិតនៅរដ្ឋ Massachusetts។ សមត្ថកិច្ចអាមេរិកបានចោទប្រកាន់លោកថា ពេលលោកដាក់ពាក្យស្នើសុំថវិកាប្រាក់ទុន ពីក្រសួងថាមពលសហរដ្ឋអាមេរិក លោកមិនបានរាយការណ៍ពីទំនាក់ទំនងសហប្រតិបត្តិការ ជាមួយសកលវិទ្យាល័យមួយរបស់ប្រទេសចិនទេ។ ប៉ុន្តែ វាច្បាស់លាស់ណាស់ ការចោទប្រកាន់នេះ ជាការទម្លាក់កំហុសដោយចេតនា។ ដោយសារលោក L.Rafael Reif ប្រធានសកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts បានបញ្ជាក់ក្នុងសារលិខិតសាធាណៈមួយច្បាប់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងប្រាក់ទុនរវាងសកលវិទ្យាល័យនេះ និងសកលវិទ្យាល័យជាដៃគូរបស់ចិន មិនមែនជាទង្វើឯកជនរបស់លោក Chen Gang នោះទេ គឺជាទង្វើរបស់សកលវិទ្យាល័យ។ ទន្ទឹមនឹងរឿងត្រូវលាតត្រដាងឱ្យបានកាន់តែច្បាស់ អ្វីដែលហៅថា «ផែនការប្រតិបត្តិសំដៅចំពោះប្រទេសចិន» ដែលអនុវត្តដោយភាគីអាមេរិក ត្រូវបានរងការរិះគន់កាន់តែច្រើនឡើងៗ។

ដោយសារឧបាយកលដែលចង់ទប់ស្កាត់ និងដាក់សម្ពាធប្រទេសចិន ប៉ុន្មានឆ្នាំកន្លងមកអាមេរិកតែងតែបង្ករឿងហេតុ ក្នុងការផ្លាស់ប្តូរជាប្រក្រតីលើវិស័យវប្បធម៌មនុស្សជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងចិន និងសហរដ្ឋអាមេរិក។ ការចាប់ផ្តើមអនុវត្តអ្វីដែលហៅថា «ផែនការប្រតិបត្តិសំដៅចំពោះប្រទេសចិន» កាលពីឆ្នាំ២០១៨ គឺជាផលិតផលក្នុងបរិបទនេះ។ តាមស្ថិតិនៃ «បទវិភាគបច្ចេកវិទ្យានៃសកលវិទ្យាល័យបច្ចេកវិទ្យា Massachusetts» កាលពីខែមុនបានឱ្យដឹងថា «ផែនការប្រតិបត្តិសំដៅចំពោះប្រទេសចិន» បានពាក់ព័ន្ធនឹងសំណុំរឿងចំនួន ៧៧ករណី មានមនុស្សចំនួន ១៤៨នាក់ត្រូវបានចោទប្រកាន់ ក្នុងនោះ ៩០ភាគរយគឺជនជាតិចិន។
មតិមហាជនអាមេរិកមួយចំនួនបានលើកឡើងថា នេះគឺរដ្ឋាភិបាលអាមេរិកធ្វើ «ការសន្មត់មានទោស» ចំពោះអ្នកវិទ្យាសាស្ត្រជនជាតិចិនដោយចំហ ក្នុងសភាពការណ៍គ្មានភស្តុតាងពិតប្រាកដ។ បញ្ញវន្តជិត ២ពាន់នាក់នៃសកលវិទ្យាល័យនានា នៅទូទាំងអាមេរិកធ្លាប់រួមគ្នាផ្ញើសារលិខិត ជូនចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ដើម្បីសម្តែងការចោទជាមន្ទិលសង្ស័យ ចំពោះផែនការនេះ។

ការរារាំងទំនាក់ទំនងជាប្រក្រតីរវាងបុគ្គលិក និងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងចិន និងអាមេរិកក្នុងគោលបំណងខាងនយោបាយ ប្រការនេះមិនត្រឹមតែបានបង្កជាកម្លាំងរារាំងកាន់តែខ្លាំង ចំពោះទំនាក់ទំនងរវាងចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញដល់សមត្ថភាពច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់សហរដ្ឋអាមេរិកផងដែរ។ ប្រឈមមុខនឹងសូរសម្រែកប្រឆាំង ដែលមានភាពកាន់តែខ្លាំងឡើង រដ្ឋាភិបាលអាមេរិកអាណតិ្តនេះ គួរតែគូសបន្ទាត់ខណ្ឌចំពោះ «មរតក» ប្រឆាំងប្រទេសចិន នៃរដ្ឋាភិបាលអណត្តិមុនក្នុងពេលឆាប់ៗ ប្រកាន់អាកប្បកិរិយាត្រឹមត្រូវ និងបរិសុទ្ធទៅមើលការប្រាស្រ័យទាក់ទង លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងវប្បធម៌មនុស្សជាតិរវាងចិន និងអាមេរិក បញ្ឈប់ការចាត់ទុកប្រទេសចិនជា «សត្រូវស្រមៃ» បញ្ឈប់ការប្រើប្រាស់កម្លាំងផ្លូវច្បាប់ ដាក់សម្ពាធទៅលើនិស្សិតបន្តវិជ្ជាចិន និងអ្នកសិក្សាស្រាវជ្រាវចិននៅអាមេរិក។ នេះទើបជាទង្វើដ៏ត្រឹមត្រូវ ដែលសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរចិន និងអាមេរិកហ្នឹងឯង៕ (#CCFR Comment#)