(ឡុងដ៍)៖ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់់ដូចជាមិនទាន់ធូរស្រាលទាល់តែសោះ នៅចំពោះមុខការព្រមានកាន់តែច្រើនឡើងពីលទ្ធភាព ផ្ទុះសង្រ្គាម និងការចោទសួរឡើងនូវសំណួរថាតើកងទ័ពរុស្ស៊ីកំពុងត្រៀមខ្លួនវាយលុកចូលអ៊ុយក្រែន មែន ឬក៏យ៉ាងណា?

កាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្យាករថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាឱ្យកងទ័ពរុស្ស៊ី វាយលុកចូលអ៊ុយក្រែន បើទោះជាលោកយល់ថាលោក ពូទីន នឹងមិនបង្កសង្រ្គាមទាំងស្រុងក៏ដោយ។ លោក បៃដិនមិនបានបញ្ជាក់ថាតើអាមេរិកនឹង បញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែកន្លងមក ប្រធានាធិបតីអាមេរិករូបនេះបានបដិសេធចំពោះការប្រើកម្លាំងយោធាប្រឆាំង រុស្ស៊ី ដែលបានដាក់ពង្រាយកងទ័ពជិត «មួយសែននាក់» នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនរួចជាស្រេច ដោយរង់ចាំតែបញ្ជាក់ពីលោក ពូទីនតែប៉ុណ្ណោះ។

ជាការពិតណាស់, កុំថាឡើយអ៊ុយក្រែន សូម្បីតែសហរដ្ឋអាមេរិក និង NATO ក៏ញញើតជាមួយរុស្ស៊ីដែរ ហើយទោះជាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬ មីស៊ីល ពោលគឺការប្រយុទ្ធគ្នាដោយប្រើកងទ័ព និងអាវុធធម្មតា ក៏អ៊ុយក្រែននៅតែមិនមែនជាដៃគូរបស់រុស្ស៊ីឡើយ។ តែទោះជាបែបនេះក្ដី ចាប់តាំងពីរុស្ស៊ី ក្រសោបយកតំបន់ឧទ្វីបគ្រីមៀ កាលពីឆ្នាំ២០១៤មក អ៊ុយក្រែនក៏បានអភិវឌ្ឍ និងពង្រឹងសមត្ថភាពយោធាឱ្យកាន់តែទំនើបដោយមានជំនួយយ៉ាងច្រើន សន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក។ ធ្វើដូចនេះដើម្បីឱ្យលោក ពូទីន យល់ថាការធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ទោះជាឈ្នះក៏ដោយ តែម៉ូស្គូអាចនឹងខាតបង់ ធ្ងន់ធ្ងរ ព្រោះថាទោះជាចាញ់ ក៏អ៊ុយក្រែនអាចធ្វើឱ្យរុស្ស៊ីរងរបួសដូចគ្នាដែរ។

*ខាងក្រោមនេះគឺជាប្រៀបធៀបកម្លាំងយោធារវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមិនរាប់បញ្ចូលអាវុធនុយក្លេរឡើយ៖

បើតាមគេហទំព័រ Global Firepower គិតត្រឹមឆ្នាំ២០២១, រុស្ស៊ីគឺជាមហាអំណាចយោធាលេខ២ នៅលើពិភពលោក ខណៈអ៊ុយក្រែនឈរនៅលេខរៀង ទី២២ ឯណោះ៕

ប្រភព៖ សារព័ត៌មាន BBC