(យូអិន)៖ អង្គការសហប្រជាជាតិ បាននិយាយថាការបំផ្លិចបំផ្លាញបង្កឡើងដោយព្យុះទីហ្វុង Rai នៅក្នុងប្រទេសហ្វីលីពីន មានទំហំខូចខាតធំសម្បើមជាង ការវាយតម្លៃបឋម កាលពេលកន្លងទៅ ដោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជន ៩លាននាក់ ឬកើនឡើង៣ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

អង្គការសហប្រជាជាតិ រៃអង្គាសបានថវិកាចំនួន ១០៧.២លានដុល្លារ ដើម្បីជួយដល់ជនរងគ្រោះនៅក្នុងតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេស ហ្វីលីពីន ដែលបានរងគ្រោះដោយសារព្យុះទីហ្វុង Rai កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ប៉ុន្តែ មន្ត្រីអង្គការសហប្រជាជាតិ ប្រចាំប្រទេសហ្វីលីពីន លោក Gustavo Gonzalez បានអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាទំហំខូចខាតបង្កឡើងដោយព្យុះទីហ្វុងមួយនេះមានសភាពធ្ងន់ធ្ងរជាងការវាយតម្លៃ បឋម។

លោកបន្ថែមទៀតថា ផ្ទះច្រើនជាង ១.៥លានខ្នងរងការខូចខាត ឬត្រូវបានបំផ្លាញ ហើយតួលេខខូចខាតនេះជិតស្មើនឹងទំហំខូចខាតដែលបង្កឡើងដោយ ព្យុះទីហ្វុង Haiyan កាលពីឆ្នាំ២០១៣។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Rai ដែលបានវាយប្រហារលើហ្វីលីពីន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៤០៦នាក់ និងរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង៕