(តៃប៉ិ)៖ ស្រ្តីជនជាតិតៃវ៉ាន់ម្នាក់ ត្រូវប្រឈមនឹងទោសប្រហារជីវិត ដោយសារជាប់សង្ស័យពីបទបង្កឱ្យមានគ្រោះអគ្គីភ័យដ៏អាក្រក់បំផុតមួយ ដើម្បីតែព្យាយាមសងសឹកទៅលើមិត្តប្រុស ដែលត្រូវខ្លួនសង្ស័យថា មានស្នេហាលួចលាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

គ្រោះអគ្គីភ័យកាលពីខែតុលា ឆ្នាំ២០២១ នៅទីក្រុងកៅស៊ុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ បានឆេះរាលដាលនៅជាន់ជាច្រើន នៃអគារស្នាក់នៅកម្ពស់ ១៣ជាន់មួយខ្នង ហើយជាលទ្ធផលវាបានផ្តាច់ជីវិតមនុស្សរហូតដល់៤៦នាក់។ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា អគ្គីភ័យនោះបានផ្តើមឡើង នៅពេលស្រ្តីម្នាក់ឈ្មោះ ហ័ង បានទុកចោលកម្ទេចធូបមិនទាន់រលត់ នៅលើសាឡុងដោយចេតនា មុនពេលចាកចេញពីអគារ។

នៅថ្ងៃសុក្រនេះ ក្រុមរដ្ឋអាជ្ញាតៃវ៉ាន់ បានចោទប្រកាន់ជាផ្លូវការលើស្រ្តី ហ័ង ដែលមានវ័យ៥១ឆ្នាំ ពីបទមនុស្សឃាត និងបទបង្កគ្រោះអគ្គីភ័យ ហើយថែមទាំងនិយាយថា ស្រ្តីរូបនោះគួរតែត្រូវទទួលទោសប្រហារជីវិត សម្រាប់ការបង្កឱ្យមានភ្លើងឆេះដ៏អាក្រក់ដោយចេតនា ដើម្បីតែចង់សងសឹកចំពោះមិត្តប្រុសរបស់ខ្លួន។

ការិយាល័យរដ្ឋអាជ្ញាក្រុងកៅស៊ុង បានលើកឡើងយ៉ាងដូច្នេះថា «ស្រ្តី ហ័ង មានបំណងបង្កឱ្យមានភ្លើងឆេះ ដើម្បីធ្វើឱ្យមិត្តប្រុសដែលខ្លួន សង្ស័យថាមានស្នេហាលួចលាក់នោះ ទទួលរងការអាម៉ាស់ ប៉ុន្តែវាក៏កើតទៅជាមហន្តរាយដ៏ធំមួយ និងការបាត់បង់ជីវិតជនស្លូតត្រង់ជាច្រើននាក់។ មិនតែប៉ុណ្ណោះ ស្រ្តីរូបនោះមិនបានបង្ហាញភាពសោកស្តាយបន្តិចឡើយ ដូច្នេះហើយខាងក្រុមរដ្ឋអាជ្ញាស្នើឱ្យ តុលាការដាក់ទោសប្រហារជីវិត ដើម្បីទុកជាសារព្រមានចំពោះជនដទៃទៀត»

គួរបញ្ជាក់ថា ចាប់តាំងពីពេលតៃវ៉ាន់ បានបន្តអនុវត្តទោសប្រហារជីវិតឡើងវិញ កាលពីឆ្នាំ២០១០ ក្រោយផ្អាកអស់៤ឆ្នាំ អ្នកទោសប្រហែល ៣៥នាក់ ត្រូវបានប្រហារជីវិត។ រីឯបច្ចុប្បន្នមានអ្នកទោសចំនួន៣៨នាក់ កំពុងជាប់ទោសប្រហារជីវិត ក្នុងនោះរួមមានស្រ្តីម្នាក់ផងដែរ៕