(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃសុក្រនេះ បានជំរុញឲ្យបណ្តាសម្ព័ន្ធមិត្តលោកខាងលិចទាំងអស់ រួមសាមគ្គីជាមួយប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការគំរាមកំហែង ពីសំណាក់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

ពេលនេះលោកស្រី លីស ត្រាស់ កំពុងស្ថិតក្នុងដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី អមដោយរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ប៊ិន វ៉លឡេស (Ben Wallace)។ មន្ត្រីជាន់ខ្ពស់អង់គ្លេសទាំងពីររូបនេះ នឹងរួមគ្នាជាមួយសមភាគីអូស្ត្រាលី ដើម្បីជំរុញឲ្យប្រទេសរុស្ស៊ី បន្ធូរបន្ថយភាពតានតឹង និងងាកមកធ្វើការពិភាក្សាគ្នា ប្រកបដោយអត្ថន័យវិញ ជុំវិញការប្រមូលផ្តុំកងទ័ព និងសព្វាវុធរបស់រុស្ស៊ី នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែននោះ។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ រដ្ឋមន្ត្រីការបរទេសអង់គ្លេសខាងលើនេះ បានកើតមានឡើង ស្របពេលដែលបណ្តាប្រទេសលោកខាងលិច កាន់តែមើលឃើញស្រមោល នៃជម្លោះយោធាដ៏ធំមួយ ដែលអាចផ្ទុះឡើងនៅអឺរ៉ុប ខណៈកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ រួមទាំងសព្វាវុធធុនធ្ងន់ជាច្រើន ត្រូវបានដាក់ពង្រាយ នៅក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេច។

ដោយឡែក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានបញ្ជូនសារច្បាស់លាស់មួយ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) រួចរាល់ហើយថា ការបោះជំហានណាមួយរបស់រុស្ស៊ី ចូលទៅកាន់ទឹកដីអ៊ុយក្រែន នឹងត្រូវចាត់ទុកជាការ «ការឈ្លានពាន»

លោក បៃដិន បានថ្លែងបន្ថែមទៀតថា លោកក៏បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ប្រាប់លោក ពូទីន អំពីចំណាត់ការតបត និងទណ្ឌកម្មសេដ្ឋកិច្ច ដែលទីក្រុងម៉ូស្គូនឹងត្រូវប្រឈមមុខផងដែរ ហើយបើរុស្ស៊ីជ្រើសរើសយក ការឈ្លានពានអ៊ុយក្រែនមែននោះ វាពិតជាគ្មានមន្ទិលសង្ស័យឡើយថា «រុស្ស៊ីនឹងត្រូវបង់នូវតម្លៃយ៉ាងធំធេង»