(យូអិន)៖ ប្រទេសចិន និងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានច្រានចោលការស្នើរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៥នាក់ ពាក់ព័ន្ធនឹងការធ្វើតេស្តមីស៊ីល ជាច្រើនលើកដោយទីក្រុងព្យុងយ៉ាង នៅដើមឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

ការរារាំងដោយចិន និងរុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារមួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) តបតាមការស្នើរបស់សហរដ្ឋអាមេរិក។ ទោះបីជាត្រូវបានចិន និងរុស្ស៊ីច្រានចោលជាលើកដំបូងក៏ដោយ ក៏សេចក្តីព្រាងដាក់ទណ្ឌកម្ម រៀបចំឡើងដោយសហរដ្ឋអាមេរិកនេះ នៅមានពេលជាច្រើនខែទៅមុខទៀត ដើម្បីស្នើឲ្យក្រុមប្រឹក្សា UN នេះ លើកយកមកពិភាក្សាជាថ្មី។

គួរបញ្ជាក់ថា ក្រោយពីបានច្រានចោលការស្នើដាក់ទណ្ឌកម្ម បន្ថែមទៅលើកូរ៉េខាងជើងនោះ ទីក្រុងម៉ូស្គូក៏បានអំពាវនាវផងដែរ ឲ្យសហគមន៍អន្តរជាតិ ដកទណ្ឌកម្មចេញពីទីក្រុងព្យុយ៉ាង ដោយស្ថិតក្នុងន័យមនុស្សធម៌។

បើតាមទីក្រុងវ៉ាស៊ីនតោនវិញ ជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានកត់ចូលក្នុងបញ្ជីទណ្ឌកម្ម នោះគឺលោក ឆូ ម្យុងយ៉ុន (Choe Myong Hyon) ដែលអាមេរិកអះអាងថា កំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ហើយបានផ្តល់ជំនួយនានាទៅកាន់ បណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិ (SANS) របស់កូរ៉េខាងជើង។

បន្ថែមពីខាងលើនេះ ជនជាតិកូរ៉េខាងជើង ៤នាក់ទៀត ដែលជាតំណាងរបស់អង្គការ សម្ព័ន្ធជាមួយនឹងស្ថាប័ន SANS នៅកូរ៉េខាងជើង ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសចិន ក៏ត្រូវបានសហរដ្ឋអាមេរិក កត់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ ជនជាតិកូរ៉េខាងជើងសរុប ៥នាក់ខាងលើនេះថា បានចូលរួមពាក់ព័ន្ធនឹងកម្មវិធីផលិត អាវុធប្រល័យលោករបស់កូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបានអះអាង តបទៅកាន់ការដាក់ទណ្ឌកម្មរបស់អាមេរិកវិញថា ការធ្វើតេស្តមីស៊ីលកន្លងមកនេះ គឺជាការបង្កើនសមត្ថភាពការពារខ្លួនឯង ដែលជា «សិទ្ធិស្របច្បាប់» មួយរបស់កូរ៉េខាងជើង៕