(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានបញ្ជាក់ជំហរជាច្រើនលើកច្រើនសារថាទីក្រុងវ៉ាស៊ីនតោន នឹងមិនប្រើប្រាស់កម្លាំងយោធា ឬបញ្ជូនកងទ័ពឱ្យជួយអ៊ុយក្រែន ប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នៅក្នុងករណីសង្រ្គាមផ្ទុះឡើងនោះទេ។ ប៉ុន្តែ លោកមានជម្រើសយោធាជាច្រើន ដែលមិនសូវបង្កហានិភ័យ ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយនានាគាំទ្រអ៊ុយក្រែនជាដើម។

ពិតមែនទៅ ការមិនប្រឈមមុខជាមួយរុស្ស៊ីដោយកម្លាំងយោធា គឺជាហេតុផលសាមញ្ញមួយដ៏ត្រឹមត្រូវ។ សហរដ្ឋអាមេរិក មិនមានកាតព្វកិច្ចដែលមាន ចែងនៅក្រោមសន្ធិសញ្ញាណាមួយតម្រូវឱ្យការពារ ឬចូលជួយអ៊ុយក្រែនឡើយ ហើយម្យ៉ាងវិញទៀត ការធ្វើសង្រ្គាមជាមួយរុស្ស៊ីនឹងបង្កគ្រោះមហន្តរាយ ឬក៏បង្កទៅជាសង្រ្គាមនុយក្លេអ៊ែរ។

ត្រង់ន័យនេះ គេអាចនិយាយបានថាអាមេរិកកំពុងសិ្ថតនៅលើគោលជំហរមួយដ៏ពិបាក នោះគឺបើធ្វើឱ្យរុស្ស៊ីខឹង អាចនឹងបង្កទៅជារឿងធំ តែបើមិនធ្វើអ្វី សោះ វានឹងកាន់តែធ្វើឱ្យរុស្ស៊ីបានចិត្ត និងយល់ថាអាមេរិកទន់ខ្សោយ ហើយទៅថ្ងៃអនាគតសកម្មភាពដែលរុស្ស៊ីកំពុងធ្វើដាក់អ៊ុយក្រែនអាចនឹងកើតឡើងលើប្រទេសអឺរ៉ុបខាងកើត ដូចជាបណ្ដារដ្ឋនៅតំបន់បាល់ទិចរួមមាន អេស្ដូនី, ឡេតូនី និងលីទុយអានី ទោះបីជាប្រទេសទាំង៣នេះជាសមាជិក NATO ក៏ដោយ។ ដូច្នេះតើអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប គួរតែជួយអ៊ុយក្រែនដោយវិធីណា?

* ហេតុអ្វីអាមេរិក មិនប្រើកម្លាំងយោធា?

ដើម្បីធ្វើសង្រ្គាមជាមួយរុស្ស៊ី ច្បាស់ណាស់អាមេរិកត្រូវប្រមូលធនធានមកពីគ្រប់ទិសទី ហើយត្រូវពលីជីវិតកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់។ តែក្នុងពេល បច្ចុប្បន្ន ប្រទេសដែលអាមេរិកកំពុងផ្តោត មិនមែនរុស្ស៊ីទេ ផ្ទុយទៅវិញគឺចិនដែលត្រូវបានរដ្ឋបាលលោក ចូ បៃដិន ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រ នយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងស.វទី ២១នេះ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ, លោក បៃដិនផ្ទាល់បានព្យាករថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន បើទោះជាលោកយល់ថាលោក ពូទីន នឹងបង្កសង្រ្គាមទាំងស្រុងក៏ដោយ។ លោក បៃដិន មិនបានបញ្ជាក់ថាតើអាមេរិកនឹងបញ្ជូនកងទ័ពឱ្យទៅជួយ អ៊ុយក្រែន ឬក៏យ៉ាងណានោះទេ ប៉ុន្តែកន្លងមកប្រធានាធិបតីអាមេរិករូបនេះបានបដិសេធចំពោះការប្រើកម្លាំងយោធាប្រឆាំងរុស្ស៊ី។

លោក Philip Breedlove ជាឧត្តមសេនីយកងទ័ពអាកាសចូលនិវត្តន៍ម្នាក់ ដែលធ្លាប់បម្រើការងារជាមេបញ្ជាការជាន់ខ្ពស់របស់ NATO ប្រចាំតំបន់អឺរ៉ុប ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា លោកមិនរំពឹង ឬក៏ផ្ដល់អនុសាសន៍ឱ្យសហរដ្ឋអាមេរិកបញ្ជូន កងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែននោះទេ។ ជំនួសមកវិញ, ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តគួរតែផ្ដល់ជម្រើសយោធាដែលមិនសូវមានហានិភ័យ ខ្ពស់ នោះគឺការផ្ដល់ជំនួយយោធា ជួយឱ្យអ៊ុយក្រែនមានសមត្ថភាពការពារដែនអាកាស និងដែនទឹករបស់ខ្លួនឯង។

*អ្វីទៅជាជម្រើសរបស់លោក បៃដិន?

បើតាមក្រុមអ្នកជំនាញយោធាជាច្រើន, អ៊ុយក្រែនមិនមានសមត្ថភាពតទល់ជាមួយរុស្ស៊ីឡើយ។ ប៉ុន្តែ ដោយមានជំនួយពីសហរដ្ឋអាមេរិក និងបណ្ដា ប្រទេសដទៃ អ៊ុយក្រែនអាចធ្វើឱ្យលោក ពូទីន គិតយ៉ាងហោចពីរទៅបីដងដែរ មុននឹងសម្រេចចិត្តធ្វើសកម្មភាព នៅពេលដែលលោកយល់ថាសង្រ្គាម អាចបង្កឱ្យរុស្ស៊ីខាតបង់ធ្ងន់ ទោះជាឈ្នះក៏ដោយ។

អ្នកវិទ្យាសាស្ត្រនយោបាយ លោក Seth Jones បានលើកឡើងថាមធ្យោបាយដែលអាចទប់ស្កាត់រុស្ស៊ី នោះគឺធ្វើយ៉ាងណារារាំងមិនឱ្យទីក្រុងម៉ូស្គូ ទទួល បានជ័យជម្នះក្នុងរយៈពេលខ្លី ពោលគឺត្រូវតែធ្វើ ឱ្យរុស្ស៊ីដឹងខ្លួនថាអាចនឹងខាតបង់ធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ប្រសិនបើហ៊ានបើកការវាយប្រហារណាមួយលើអ៊ុយក្រែន។ រដ្ឋបាលលោក បៃដិន ក៏បានព្រមានរួចហើយដែរថា ការវាយប្រហារលើអ៊ុយក្រែន អាចនឹងបង្កមហន្តរាយដូចគ្នា ដល់រុស្ស៊ី ដោយអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងការផ្ដាច់សេដ្ឋកិច្ចរុស្ស៊ីពីប្រព័ន្ធលុយដុល្លារអាមេរិក និងការបង្កើន ការផ្ដល់ជំនួយដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសថានឹងផ្ដល់ជំនួយយោធាបន្ថែមជាង ២០០លានដុល្លារ ដល់អ៊ុយក្រែន។ ចាប់តាំងពីឆ្នាំ២០១៤មក អាមេរិកបានផ្ដល់ជំនួយយ៉ាងច្រើន ដើម្បីជួយពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន ដោយគិតជាទឹកប្រាក់ស្មើនឹង ២.៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងរថក្រោះ និងប្រព័ន្ធរ៉ាដាជាដើម៕

ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២)