(ប៉េកាំង)៖ ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នៅក្រុងប៉េកាំង។ ចាប់ពីឆ្នាំ២០១៧ ដែលលោកបានលើកឡើងនូវគំនិតរបស់ចិន អំពីការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដល់ឆ្នាំ២០២១ លោកបានផ្តួចផ្តើមពីការគាំពារពហុភាគីនិយម រហូតដល់ឆ្នាំនេះ លោកបានលើកឡើងពីផែនការសម្រាប់ការរួមគ្នា បង្កើតពិភពលោកដ៏ល្អបវរក្រោយជំងឺកូវីដ១៩។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាបីលើក ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលសុទ្ធតែជាខណៈពេលគន្លឹះ នៃបម្រែបម្រួលរបស់ពិភពលោក។

ទាក់ទិននឹងរឿងនេះ លោក Schwab ស្ថាបនិក និងជាប្រធានប្រតិបតិ្តនៃវេទិកាសេដ្ឋកិច្ចពិភពលោកសម្គាល់ឃើញថា សុន្ទរកថារបស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងក្នុងវេទិកាដាវ៉ូស សុទ្ធតែពាក់ព័ន្ធនឹងការសាកល្បង ដែលពិភពលោកបាននិងកំពុងប្រឈមមុខជាមួយគ្នា។

ឆ្នាំ២០១៧ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នេះជាលើកដំបូងហើយដែលប្រធានរដ្ឋចិនចូលរួមវេទិកានេះ។ ក្នុងវេទិកាជាសកលលើកនេះ លោក Xi Jinping បានបញ្ចេញសញ្ញាជាប្រវតិ្តសាស្ត្រទៅកាន់ពិភពលោក ក្នុងគ្រាដែលការគាំពារនិយម ជាតិសាសន៍និយមបានងើបឡើងវិញ លោកបានផ្ញើសារព្រមានចំពោះការធ្វើផ្ទុយពីការសកភាវូបនីយកម្ម ព្រមទាំងអំពាវនាវឱ្យធ្វើកិច្ចសហប្រតិបតិ្តការជាសកល។ បច្ចុប្បន្ននេះ យើងត្រូវការរបៀបវារៈជាសកលដែលមានភាពកាន់តែខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាទាំងអស់ដែលយើងបាននិងកំពុងប្រឈមជាមួយគ្នា។

លោក Schwab បានសម្គាល់ឃើញថា ជំងឺឆ្លងដែលរីករាលដាលយ៉ាងទូលំទូលាយបែបនេះបានបង្ហាញឱ្យឃើញថា មនុសយើងគឺពឹងផ្អែកគ្នា និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ យើងមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងទេ យើងត្រូវសន្ទនាគ្នា ត្រូវធ្វើកិច្ចសហប្រតិបតិ្តការជួយគ្នា។ ប្រទេសចិនអាចរួមចំណែកជាបទពិសោធន៍របស់ខ្លួន សម្រាប់ឱ្យប្រទេសផ្សេងយកទៅធ្វើជាបទពិសោធន៍សម្រាប់ដោះស្រាយបញ្ហាជាសកល។ ដូច្នេះខ្ញុំសង្ឃឹមថា យើងអាចប្រឈមនឹងការសាកល្បងទាំងនេះ លើមូលដ្ឋាននៃបទពិសោធន៍និងដំណើរឆ្លងកាត់ របស់យើង៕