(ប៉េកាំង)៖ តាមការផ្សាយដំណឹងលើគេហទំព័រ theglobeandmail នៃប្រទេសកាណាដាកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គណៈកម្មាធិការអូឡាំពិកកាណាដា បានចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មផ្លូវការរបស់ខ្លួនស្តីពី «Beijing 2022» ដោយមានអត្តពលិកដ៏ល្បីល្បាញជាច្រើនរូប នឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយបានបង្ហាញមុខនៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលបានបង្ហាញថា បច្ចុប្បន្ននេះ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កំពុងតែដំណើរការវិវឌ្ឍទៅមុខតាមការគ្រោងទុក។

ដំណឹងនេះបានឱ្យដឹងទៀតថា ប្រទេសកាណាដាទំនងជាកំពុងបង្កើនល្បឿនពេញលេញ ក្នុងការរផ្សព្វផ្សាយកីឡាអូឡាំពិករដូវរងា។ កាលពីពេលថ្មីៗនេះ កាណាដាបានប្រកាសថា អត្តពលិកកាន់តែច្រើនឡើងៗ បានចូលរួមក្នុងក្រុមកីឡាអូឡាំពិករដូវរងាកាណាដា រួមទាំងអ្នកជិះស្គីសម្ដែងលើទឹកកកចំនួន១៣នាក់។ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការអូឡាំពិកកាណាដា បានចាប់ផ្តើមធ្វើយុទ្ធនាការផ្សាយពាណិជ្ជកម្មជាផ្លូវការ នៅលើកញ្ចក់ទូរទស្សន៍ទូទាំងប្រទេស ការបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាលើផ្ទាំងប៉ាណូខាងក្រៅ និងចំណតរថយន្តក្រុងជាដើម។

យុទ្ធនាការផ្សព្វផ្សាយលើកនេះ រួមមានការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍រយៈពេល ៦០វិនាទី ដែលបង្ហាញពីអត្តពលិកកាណាដា ៨នាក់ កំពងុធ្វើការហ្វឹកហាត់ មានដូចជាម្ចាស់មេដាយ ព្រមទាំងបេក្ខជនដែលចង់បានមេដាយដំបូង ក្នុងការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង។ ការផ្សាយពាណិជ្ជកម្មបានអះអាងថា «យើងមកពីគ្រប់ទីកន្លែង យើងអាចយកឈ្នះដៃគូប្រកួតបាន»