(ប៉េកាំង)៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន Edelman ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ធំជាងគេនៅលើពិភពលោក បានចេញផ្សាយរបាយការណ៍ ស្តីពីតារាងកម្រិតសេចក្តីទុកចិត្តរបស់ក្រុមហ៊ុន Edelman ឆ្នាំ២០២២ ដែលបានបង្ហាញថា សេចក្តីទុកចិត្តរបស់សាធារណជន ចំពោះរដ្ឋាភិបាលអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត។

ខណៈគម្រប់ខួបមួយឆ្នាំ ដែលរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់រដ្ឋអំណាច ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសបារាំង AFP បានសរុបសេចក្ដីឱ្យរដ្ឋាភិបាលអាមេរិកអាណត្តិនេះថា «ជួបភាពលំបាកទាំងក្នុង និងក្រៅប្រទេស សម្លេងរិះគន់ឥតឈប់ឈរ» ពាក្យសំដីនេះនិងលទ្ធផលពិនិត្យអង្កេតរបស់ក្រុមហ៊ុន Edelman បានបញ្ជាក់គ្នាទៅវិញទៅមកថា៖ រដ្ឋាភិបាលអាមេរិកបាននិងកំពុងប្រឈមនឹងវិបតិ្តសេចក្តីទុកចិត្តយ៉ាងធ្ងន់ធ្ងរ។

ចាប់ពីឆ្នាំ២០០០មក ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Edelman សុទ្ធតែបានចេញផ្សាយរបាយការណ៍ពិនិត្យអង្កេត អំពីសេចក្តីទុកចិត្តរបស់រដ្ឋាភិបាលនៅទូទាំងពិភពលោក។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុននេះ ចំពោះមនុស្សលើសពី៣៦,០០០នាក់ នៃប្រទេសចំនួន២៨ ដែលបានធ្វើពីថ្ងៃទី១-២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កម្រិតទុកចិត្តរបស់ប្រជាពលរដ្ឋចិន ចំពោះរដ្ឋាភិបាលចិនបានឡើងដល់៩១ភាគរយ ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយ រីឯកម្រិតទុកចិត្តរបស់ប្រជាពលរដ្ឋអាមេរិក ចំពោះរដ្ឋាភិបាលអាមេរិកបានធ្លាក់ចុះដល់ ៣៩ភាគរយ ។

នៅពីក្រោយសេចក្តីទុកចិត្តរបស់រដ្ឋាភិបាលអាមេរិក បានធ្លាក់ដល់កម្រិតទាបថ្មី គឺបាតុភូតដ៏អាក្រក់ជាបន្តបន្ទាប់ ក្នុងស្រុករបស់សហរដ្ឋអាមេរិក។ ក្នុងនោះការទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមូលហេតុចម្បងផងដែរ។

យោងតាមតួលេខស្ថិតិរបស់ដែលសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកចេញផ្សាយ នៅថ្ងៃទី១៧ ខែមករា បានឱ្យដឹងថា អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី៦៥លាននាក់ ករណីឆ្លងសរុបលើសពី៨៥ម៉ឺននាក់ តួលេខទាំងពីរនេះសុទ្ធតែកាន់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក។ ចាប់ពីពេលដំបូងមក «ការធ្វើនយោបាយធូបនីយកម្មលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» ក៏បានរារាំងដល់ដំណើរការទប់ទល់នឹង ជំងឺកូវីដ១៩របស់អាមេរិកដែរ ហើយបណ្តាលឱ្យជីវិតស្រស់ៗបាត់បង់ជាបន្ដបន្ទាប់។

ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ ការខ្វែងគំនិតខាងនយោបាយ និងការប្រកួតប្រជែងខាងរដ្ឋអំណាចក្នុងស្រុកអាមេរិក ក៏មានភាពកាន់តែផុយស្រួយ សង្គមមានភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរ គម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ ក៏គួរឱ្យអ្នកផងភ្ញាក់ផ្អើលផងដែរ។ តាមតួលេខរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ដែលចេញផ្សាយនៅខែតុលាឆ្នាំមុនបានបង្ហាញឱ្យដឹងថា៖ ក្រុមអ្នកមានជាងគេ ដែលមានចំនួន១០ភាគរយក្នុងប្រជាជនសរុបរបស់អាមេរិក មានភាគហ៊ុននិងសិទ្ធិកាន់កាប់មូលនិធីចំនួន៨៩ភាគរយរបស់អាមេរិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រ ជាងនេះទៅទៀត «មហាសេដ្ឋីលំដាប់ខ្ពស់» ១ភាគ១០០ក្នុងប្រាក់ចំណូលរបស់អាមេរិក មានទ្រព្យសម្បតិ្តលើសពីចំនួនសរុបនៃក្រុមមនុស្សចំណូលមធ្យម នេះជាលើកទីមួយហើយតាំងពីអាមេរិកបានចាប់ផ្តើមធ្វើស្ថិតិមក។ ព្រមពេលជាមួយគ្នានេះ ការស្ទង់ប្រជាមតិរបស់ស្ថាប័នដូចជាសកលវិទ្យាល័យ Harvard ជាដើមបានបង្ហាញឱ្យឃើញថា គ្រួសាររបស់អាមេរិកចំនួន៤០ភាគរយ បានជួបការលំបាកយ៉ាងធ្ងន់ធ្ងរខាងសេដ្ឋកិច្ច មានគ្រួសារប្រហែល១ភាគ៥ បានអស់ប្រាក់បញ្ញើ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ជាខួបមួយឆ្នាំនៃការកាន់រដ្ឋអំណាចរបស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះ។ លទ្ធផលនៃការស្ទង់មតិស្តីពីសេចក្តីទុកចិត្តរបស់ក្រុមហ៊ុន Edelman គឺជាការដាស់តឿនមួយលើក។ អ្នកនយោបាយអាមេរិក គួរតែគិតឱ្យបានច្បាស់ថា ហេតុអ្វីបានជាសេចក្តីទុកចិត្តបានធ្លាក់ចុះមិនឈប់ ហើយក៏ត្រូវស្តាប់ឱ្យបានច្បាស់ ពីសំណូមពររបស់ប្រជាពលរដ្ឋអាមេរិកផងដែរ។ សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ជាមូលដ្ឋានសម្រាប់ឱ្យប្រទេស ទទួលបានការអភិវឌ្ឍនិងវិបុលភាព។ អ្នកនយោបាយអាមេរិកដែលស្ថិតក្នុងវិបតិ្តសេចកី្តទុកចិត្ត គួរតែភ្ញាក់ឡើងហើយ!