(បាងកក)៖ អាជ្ញាធរប្រយុទ្ធប្រឆាំង COVID-19 របស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ថៃនឹងបន្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួច ហៅថា «Test & Go» ឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

កម្មវិធី Test & Go ខាងលើ ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពី១ខែមុន ក្រោយដំណើរការបានត្រឹម៧សប្តាហ៍ប៉ុណ្ណោះ ដោយសារតែ ការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស នៃវីរុស COVID-19 បំប្លែងថ្មី Omicron បូករួមនិងភាពស្រពិចស្រពិល អំពីប្រសិទ្ធភាពវ៉ាក់សាំងបច្ចុប្បន្ន ក្នុងការប្រឆាំងទប់ទល់ជាមួយវា។

ប្រទេសថៃ គ្រោងបន្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កនេះឡើងវិញ ក្រោមគោលដៅស្តារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដែលបានទទួលរងផលប៉ះពាល់ជាខ្លាំង ដោយសារតែវិបត្តិ COVID-19។ ចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០២១ ដែលបានធ្វើទៅធ្វើដំណើរកម្សាន្តនៅថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយប្រចាំតំបន់អាស៉ី គឺមានការកើនឡើងត្រឹមតែ០.៥ភាគរយប៉ុណ្ណោះ បើធៀបនឹងតួលេខមុនផ្ទុះជំងឺរាតត្បាតសកលនេះ កាលពីឆ្នាំ២០១៩ គឺដល់ទៅជិត៤០លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរាយការណ៍ករណីឆ្លង COVID-19 សរុបជាង២.៣លាននាក់ និងស្លាប់ជិត២២,០០០នាក់ ខណៈប្រជាជនថៃជិត៧០ភាគរយ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស និងប្រហែល១៥ភាគរយ បានចាក់ដូសជំរុញ៕