(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានព្យាករថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបញ្ជាឱ្យបើក ការវាយប្រហារលើអ៊ុយក្រែន តែព្រមពេលជាមួយគ្នាលោកក៏បានព្រមានដែរថារុស្ស៊ីនឹងត្រូវប្រឈមមុខនឹងមហន្តរាយដូចគ្នា ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

លោក ចូ បៃដិនធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន ចំពេលភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែឡើងកម្ដៅ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា «ការសន្និដ្ឋានរបស់ខ្ញុំ នោះគឺគាត់ (លោក ពូទីន) នឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីធ្វើសកម្មភាព ពោលគឺគាត់ត្រូវតែធ្វើអ្វីម្យ៉ាង»

លោកបន្ថែមថាលោក ពូទីន នឹងយកឱកាសធ្វើតេស្ដស្ទាបស្ទង់លើបណ្ដាមេដឹកនាំអឺរ៉ុបលោកខាងលិច ហើយការឆ្លើយតបរបស់សហរដ្ឋអាមេរិក គឺវាអាស្រ័យទៅលើទំហំនៃសកម្មភាពរបស់រុស្ស៊ី ដោយទីក្រុងម៉ូស្គូអាចនឹងប្រឈមមុខនឹងខាតបង់ធ្ងន់ធ្ងរ ដោយក្នុងនោះសេដ្ឋកិច្ចរុស្ស៊ីអាចនឹងត្រូវកាត់ ផ្ដាច់ចេញពីប្រព័ន្ធលុយដុល្លារអាមេរិកជាដើម។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់ នៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន ដែលនេះជាការត្រៀមលក្ខណៈរារាំងកុំឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO។ តែទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់បែបនេះ៕