(កៀវ)៖ បន្ទាប់ពីទៅដល់រដ្ឋធានីកៀវរបស់អ៊ុយក្រែននៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនគិន (Anthony Blinken) បានព្រមានជាថ្មីម្តងទៀតថា រុស្ស៉ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន ដោយមិនទុកឱកាសឱ្យត្រៀមខ្លួនបានយូរនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

ថ្លែងចេញពីស្ថានទូតអាមេរិកប្រចាំទីក្រុងកៀវ លោក Blinken បាននិយាយថា លោកសង្ឃឹមជាខ្លាំងថា រុស្ស៉ីអាចនៅដើរលើគន្លងផ្លូវការទូតនិងសន្តិភាព នៅពេលដែលលោកជួបជាមួយប្រមុខការទូតរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែទន្ទឹមគ្នា លោកក៏បានព្រមានដែរថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន អាចនឹងចេញបញ្ជាភ្លាមៗ ឱ្យបើកការវាយប្រហារលើអ៊ុយក្រែន ដោយមិនឱ្យអ៊ុយក្រែន អាចមានឱកាសត្រៀមលក្ខណៈទុកជាមុនបានយូរនោះឡើយ។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅទីក្រុងកៀវ ដើម្បីបង្ហាញពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនដល់អ៊ុយក្រែន ចំពោះមុខភាពតានតឹងជាមួយរុស្ស៉ី។ នៅទីនោះ លោកនឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) មុនពេលបន្តដំណើរទៅទីក្រុងប៊ែរឡាំង ដើម្បីចូលរួមកិច្ចប្រជុំចតុភាគីជាមួយប្រមុខការទូតរបស់អាល្លឺម៉ង់ បារាំង និងអង់គ្លេស ដើម្បីជជែកអំពីភាពតានតឹងបច្ចុប្បន្ន។ បន្ទាប់មកទៀត លោក Blinken នឹងជួបលោក Lavrov នៅទីក្រុងហ្សឺណែវ ក្រោយកិច្ចចរចាកាលពីសប្តាហ៍មុន មិនទទួលបានលទ្ធផលអ្វី។

គួរបញ្ជាក់ថា រុស្ស៉ីបានប្រមូលផ្តុំកងទ័ពរាប់សិបម៉ឺននាក់ នៅក្បែរព្រំប្រទល់អ៊ុយក្រែន ខណៈសកម្មភាពនេះ ត្រូវបានទីក្រុងកៀវ និងសម្ពន្ធមិត្តព្រួយបារម្ភថា អាចជាការត្រៀមបើកប្រតិបត្តិការយោធាវាយប្រហារទៅលើអ៊ុយក្រែន។ ទោះជាយ៉ាងណា ទីក្រុងម៉ូស្គូនៅតែបានបដិសេធថា មិនមានផែនការវាយប្រហារ ដូចការចោទប្រកាន់របស់ក្រុមសម្ពន្ធមិត្តលោកខាងលិចឡើយ៕