(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនគិន (Antony Blinken) នៅថ្ងៃពុធនេះបានធ្វើដំណើរទៅដល់ ប្រទេសអ៊ុយក្រែនហើយ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន អំពីវិបត្តិនៅចំពោះមុខពាក់ព័ន្ធនឹងប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

បន្ទាប់ពីកិច្ចសន្ទនាកាលពីសប្តាហ៍មុន ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹង មិនទទួលបានលទ្ធផលអ្វីនោះ សេតវិមានអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានជាថ្មីម្តងទៀត អំពីលទ្ធភាពដែលរុស្ស៉ីអាចនឹងលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ ដើម្បីសម្តែងបង្ហាញការគាំទ្រដល់អ៊ុយក្រែន លោកប្រមុខការទូតសហរដ្ឋអាមេរិក បានសម្រេចទៅបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅទីក្រុងកៀវ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Blinken នឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបពិភាក្សាជាមួយក្រុមរដ្ឋមន្រ្តីការបរទេស របស់អាល្លឺម៉ង់ បារាំង និងអង់គ្លេស ខណៈនៅថ្ងៃបន្ទាប់គឺថ្ងៃសុក្រ លោករដ្ឋមន្រ្តីការបរទេសអាមេរិក នឹងត្រូវជួបជាមួយប្រមុខការទូតរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅទីក្រុងហ្សឺណែវ។

គួរបញ្ជាក់ថា ថ្វីត្បិតតែប្រទេសរុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា កងទ័ពនិងសព្វាវុធរបស់ខ្លួន ដែលត្រូវបានបញ្ជូនមកតំបន់ក្បែរៗព្រំដែនអ៊ុយក្រែននោះ គ្រាន់តែដើម្បីធ្វើសមយុទ្ធ និងត្រៀមខ្លួនទប់ទល់ការឈ្លានពានពីបរទេស តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន នៅតែបន្តការចោទប្រកាន់ទៅលើរុស្ស៊ី អំពីចេតនាវាយប្រហារអ៊ុយក្រែន តាមរយៈយុទ្ធសាស្ត្រដែលកំពុងបង្ហាញចេញ ទៅកាន់លោកខាងលិចនេះ៕