(ប៉េកាំង)៖ កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកធ្វើនៅថ្ងៃទី ១៧ ខែមករានេះ ខណៈពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹង វិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ និងបម្រែបម្រួលនិម្មាបនកម្មដ៏កម្រ ក្នុងរយៈពេលមួយសវត្សរ៍កន្លងមក ដែលបានបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោក ដាំក្បាលចុះអស់រយៈពេលពីរឆ្នាំមកហើយ។

តបតាមការអញ្ជើញ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដែអូ ក្នុងវេទិកានេះ ដោយលើកឡើងសំណើ ៤ ចំណុច៖ ទី១ ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងដើម្បីយកឈ្នះលើជំងឺឆ្លង។ ទី២ លុបបំបាត់ហានិភ័យគ្រប់ប្រភេទ ជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញដោយនឹងនរ។ ទី៣ ផ្លោះរំលងគម្លាតធំខាងការអភិវឌ្ឍ ស្តារការអភិវឌ្ឍជាសកលឡើងវិញ។ ទី៤ លុបបំបាត់គំនិតសង្គ្រាមត្រជាក់ សម្រេចការរួមរស់នៅដោយសន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ។

តាមរយៈការលើកឡើងនៃសំណើទាំងនេះ យើងអាចយល់ដឹងកាន់តែច្បាស់ អំពីជំហររបស់ប្រទេសចិន ដែលប្រកាន់ខ្ជាប់ពហុភាគីនិយម រួមគ្នាប្រឈមមុខនឹងវិបត្តិរួម បង្រួញគម្លាតនៃការអភិវឌ្ឍរវាងប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍ និងភាពសុខុមនីយកម្ម ដែលជាការចែករំលែកនូវ «ផែនការចិន» និងជា «តម្រិះចិន» សម្រាប់រួមចំណែកដល់ការអភិវឌ្ឍជាសកល ក៏ដូចជាការពួតដៃគ្នាពុះពារឧបសគ្គ ដើម្បីដើរចេញផុតពីស្រមៅខ្មៅនៃវិបត្តិផ្សេងៗ ពិសេសគឺវិបត្តិជំងឺរាតត្បាតសកលដែលស្ថិតនៅចំពោះមុខ។

តាំងពីសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសចិនថ្មីបានចាប់បដិសន្ធិមក ជំហានអភិវឌ្ឍន៍របស់ចិនបានឈានទៅមុខជាលំដាប់ រហូតបានក្លាយជាក្បាលម៉ាស៊ីនមួយ នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ក្បួនសម្ងាត់នៃការដែលប្រទេសចិនអាចប្រែខ្លួនពី «កូនទូក» ទៅជា «នាវាយក្ស» បែបនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺការប្រកាន់ខ្ជាប់គោលបំណងដើមរបស់ខ្លួន ពោលគឺខិតខំអភិវឌ្ឍខ្លួនឯង និងចែករំលែកនូវសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួន ជាមួយពិភពលោក។

ជាក់ស្តែង មិនថានៅក្នុងកាលៈទេសៈណាក្តី ប្រទេសចិនរមែងតែងចេញមុខគូសបញ្ជាក់ ពីភាពចាំបាច់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលជាមូលដ្ឋានគ្រឹះនៃពហុភាគីនិយម ព្រមទាំងបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីឈានទៅរកការអនុវត្តជាក់ស្តែងនូវពហុភាគីនិយម ក្នុងនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងការចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈ បានរួមចំណែកមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។

ពិភពលោកបច្ចុប្បន្នជាពហុប៉ូលមួយ ដូច្នេះការខ្វែងគំនិត គឺជារឿងដែលមិនអាចចៀសវាងបាន ដូចសុភាសិតខ្មែរពោលថា «ចានមួយរាវ លែងអីរណ្តំគ្នា»។ ដ្បិតអណ្តាត និងធ្មេញតែងប៉ះគ្នារាល់ថ្ងៃមែនពិត តែគង់ស្ថិតនៅជាមួយគ្នាដោយមិនអាចខ្វះគ្នាបាន អាស្រ័យហេតុនេះ ពិភពលោកដែលមានពិពិធកម្ម និងពហុភាវូបនីយកម្ម ជាការវិវឌ្ឍតាមលំនាំនៃក្រឹត្យក្រមធម្មជាតិ ដែលជានិន្នាការរំកិលទៅតាមយុគសម័យ។

យ៉ាងណាមិញ មានអ្នកជ្រោងទង់ពហុភាគីនិយម ក៏មានអ្នកជ្រោងទង់អញនិយមដែរ។ បច្ចុប្បន្ន ទំនាស់ជាច្រើនតែងកើតចេញពីមហិច្ឆតានយោបាយដែលអាត្មានិយម ដែលអ្វីៗគ្រប់យ៉ាងសុទ្ធតែបានក្លាយជាឧបករណ៍របស់អ្នកនយោបាយ ដែលគ្មានគុណធម៌សម្រាប់យកទៅវាយប្រហារអ្នកដទៃ ដើម្បីពង្រឹងអំណាចអនុត្តរភាពរបស់ខ្លួន។ ល្បែងនយោបាយរបស់បុគ្គលមួយចំនួន បានបង្កភាពល្អក់កករថែមទៀតដល់ពិភពលោក ដែលកំពុងតែកើតមានវិបត្តិសុខភាពសាធារណៈ សង្គមនិងសេដ្ឋកិច្ចដែលពុំធ្លាប់មានពីមុនមក។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើទោះបីជាមានអ្នកដើររុកគួន ឆ្កឹះឆ្កៀល ញុះញង់បំបែកបំបាក់ ឬគំរាមកំហែងយ៉ាងណាក្តី ក៏មតិភាគច្រើនដាច់ខាតសុទ្ធតែឈរនៅម្ខាងនៃភាពសច្ចយុត្តិធម៌ ដែលមានពហុភាគីនិយមជាស្នូល។ ចំណែកឯប្រទេសចិនដែលជាតួអង្គសំខាន់មួយ នៃការគាំពារ និងលើកស្ទួយពហុភាគីនិយមក៏បានបញ្ចេញនូវ «ផែនការចិន» ជាបន្តបន្ទាប់ ដើម្បីនាំមកនូវជំនឿចិត្ត និងកម្លាំងចិត្តសម្រាប់អ្នកប្រកាន់យកពហុភាគីនិយម នៅលើពិភពលោក ស្របតាមគំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» ដែលលើកឡើងដោយប្រមុខរដ្ឋចិន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាអ្នកគាំពារពហុភាគីនិយមយ៉ាងមុតមាំ ដោយសម្តេចធ្លាប់បានគូសរំលេចជាច្រើនលើកច្រើនសាថា ពហុភាគីនិយមជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ការពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សាមគ្គីភាព ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម គឺជាគន្លឹះដ៏ចាំបាច់ ដើម្បីធានាបាននូវការងើបឡើងវិញ យ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពិភពលោក នៅក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។

ជារួម ពិភពលោកត្រូវការបំផុតនូវពហុភាគីនិយមដើម្បីពួតដៃគ្នាដើរឆ្លងវិបត្តិរួម មិនថាជំងឺកូវីដ-១៩ លើកនេះ ឬក៏វិបត្តិណាមួយនាពេលអនាគតនោះឡើយ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន