(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថាពិភពលោកត្រូវតែចាក់វ៉ាក់សាំងបង្ការដល់មនុស្សគ្រប់ៗរូប ដើម្បីធានាឱ្យបាននូវការបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២។

លោក Antonio Guterres ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រៀបចំឡើងក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក Guterres បានបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២ឆ្នាំមកនេះ វាបានបង្ហាញពីរឿងសាមញ្ញ តែជាការពិត នោះគឺ បើយើងទុកនរណាម្នាក់ចោល មានន័យស្មើនឹងយើងទុកមនុស្សទាំងអស់គ្នាចោល។ ដូច្នេះប្រសិនបើ យើងបរាជ័យក្នុងការចាក់វ៉ាក់សាំងបង្ការ ដល់មនុស្សគ្រប់ៗគ្នា យើងនឹងផ្ដល់ឱកាសឱ្យមេរោគបំប្លែងថ្មីកើតឡើងជាបន្តបន្ទាប់ ដែលនឹងនាំជីវិត និងសេដ្ឋកិច្ចរបស់យើង ទៅរកគ្រោះថ្នាក់»

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ចាក់វ៉ាក់សាំងបង្ការឱ្យបានយ៉ាងហោច ៤០ភាគរយនៃប្រជាជនរបស់ខ្លួន នៅចុងឆ្នាំ២០២១ និង៧០ភាគរយ នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ៕