(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក Vince Cable អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសបានទម្លាយឱ្យដឹងថាការសម្រេចចិត្ត របស់រដ្ឋាភិបាលអង់គ្លេសស្តីពីការហាមមិនឱ្យប្រើប្រាស់បរិក្ខារនិងសេវាកម្មប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei គឺ « គ្មានទំនាក់ទំនងអ្វីជាមួយ នឹងសន្តិសុខជាតិនោះទេ» ពីព្រោះថា សហរដ្ឋអាមេរិកមិនដែលលះបង់ចោលការដាក់សម្ពាធទៅលើអង់គ្លេសអំពីបញ្ហាក្រុមហ៊ុន Huawei នោះឡើយ។

ក្នុងអំឡុងពេលលោកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្ថាប័នស៊ើបការណ៍សម្ងាត់ និងការពារសន្តិសុខបានធានាជាច្រើនលើកថា «មិនដែលរកឃើញភ័ស្តុតាងណាដែលអាចបញ្ជាក់ថា រដ្ឋាភិបាលចិនបានធ្វើសកម្មភាពតាមបណ្តាញអ៊ីនធើណេត ក្នុងចេតនាអាក្រក់ណាមួយ តាមរយៈក្រុមហ៊ុន Huawei »

ពាក្យសំដីរបស់លោក Vince Cable បានបញ្ជាក់ម្តងទៀតថា មូលហេតុអំពីអ្វីដែលហៅថាសន្តិសុខជាតិ និងហានិភ័យផ្នែកបច្ចេកវិទ្យាប្រព័ន្ធ 5G គ្រាន់តែជាលេសរបស់អាមេរិកសម្រាប់ដាក់សម្ពាធទៅលើសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ចិនប៉ុណ្ណោះ។ «ផែនការបោសសម្អាតបណ្តាញ អ៊ីនធើណេត» ដែលសហរដ្ឋអាមេរិកបានដាក់ចេញនោះ គឺជាតំណាងនៃ «ការទូតបែបគំរាមកំហែង» សុទ្ធសាធ។

រដ្ឋាភិបាលអាមេរិកអាណត្តិមុនបានឃោសនាបំប៉ោងពី «ផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត» ដោយយកអ្វីដែលហៅថា «សន្តិសុខជាតិ» និង «សនិ្តសុខទិន្នន័យ» ធ្វើជាលេស ហើយប៉ុនប៉ងលុបបំបាត់ចោលផលិតផលនិងសេវាកម្មរបស់ចិនពី៥ វិស័យ ពោលគឺ ប្រតិបតិ្តករទូរគមនាគមន៍ហាងលក់កម្មវិធី App កម្មវិធី App ប្រព័ន្ធសេវាកម្មតាមអនឡាញនិងខ្សែកាបបណ្តាញអ៊ីនធើណេត។

និយាយត្រង់ទៅ ប្រតិបតិ្តការដ៏មមាញឹកមួយចំនួនរបស់សហរដ្ឋអាមេរិក គ្រាន់តែធ្វើឡើង ដើម្បីគាំពារអនុត្តរភាពផ្នែកបច្ចេកវិទ្យារបស់ខ្លួន ប៉ុណ្ណោះ។ គួររំលឹកថា នៅឆ្នាំ២០២០ លោក ត្រាំ ប្រធានាធិបតីអាមេរិកកាលនោះបានចុះហត្ថលេខាលើបទបញ្ជារដ្ឋបាលដោយតម្រូវឱ្យ ក្រុមហ៊ុន Byte Dance ដកចេញនូវទ្រព្យសម្បត្តិទាំងអស់ដែលអាចនាំឱ្យកម្មវិធី TikTok ធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៩០ ថ្ងៃ ហើយចាត់ទុកកម្មវិធី Musical.ly ដែលជាកម្មវិធីវីដេអូឃ្លីបរបស់អាមេរិកដែលត្រូវក្រុមហ៊ុន Byte Dance ទិញកាលពីឆ្នាំ ២០១៧ ថា «ជាការបំផ្លិចបំផ្លាញសន្តិសុខជាតិ»

បន្ទាប់ពីបានដាក់ចេញវិធានការដាក់ទណ្ឌកម្មទៅលើកម្មវិធី TikTok របស់ក្រុមហ៊ុន Byte Danceរដ្ឋាភិបាលអាមេរិកក៏បានកាន់ដំបងធំទៅកាន់ កម្មវិធី WeChat របស់ក្រុមហ៊ុន Tencent ផងដែរ។ មិនថា ការប្រកាសបិទ ឬក៏ហាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok និងកម្មវិធី WeChat ក៏ដោយ ក៏សកម្មភាពរបស់រដ្ឋាភិបាលអាមេរិកដែលសំដៅចំពោះសហគ្រាសចិនសុទ្ធតែមានទំនាក់ទំនងជាមួយនឹងអ្វីដែលហៅថា «ផែនការ បោសសម្អាតបណ្តាញអ៊ីនធើណេត» របស់ខ្លួន។

តាមពិតទៅ គោលដៅចុងក្រោយរបស់អាមេរិកគឺ ដើម្បីគាំពារឋានៈផ្តាច់មុខក្នុងរយៈពេលយូរលើវិស័យបច្ចេកវិទ្យាខ្ពស់របស់ខ្លួន និងបាន ដកហូតសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ប្រទេសដទៃទៀត។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកក៏បានព្យាយាមដាក់សម្ពាធការទូតទៅលើប្រទេស និងក្រុមហ៊ុនពហុជាតិដទៃទៀតនិងឆ្លងតាមរយៈការដាស់តឿន និង «ការអំពាវនាវឱ្យប្រទេសនិងក្រុមហ៊ុនដែលស្រឡាញ់សេរីភាពទាំងអស់ ចូលរួមផែនការបោសសម្អាតបណ្តាញអ៊ីនធើណេត «ដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន» ដែលមិន អាចជឿទុកចិត្តបាន» ក្នុងនោះបូករួមទាំង ក្រុមហ៊ុន Huawei Alibaba Tencent ជាដើម។

បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា «ការទូតបែបគំរាមកំហែង» គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក។ គន្លឹះនៃគំនិតនេះគឺពឹងផ្អែកទៅ លើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិក ក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិក និងគាំពារអនុត្តរភាព បែបអាមេរិក។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់សំណុំរឿងដ៏ល្បីឈ្មោះស្តីពី «ការទូតបែបគំរាមកំហែង» ដល់ពិភពលោកតាមរយៈ ប្រតិបត្តិការពីមួយលើកទៅមួយលើក។ ឧទាហរណ៍ដូចជា លោក Frédéric Pierucci អគ្គនាយករងនៃក្រុមហ៊ុន ALSTOM នៃប្រទេសបារាំង ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សហព័ន្ធអាមេរិក (FBI) ចាប់ខ្លួនក្នុងពេលប្តូរជើងយន្តហោះនៅក្រុងញូវយ៉កនៃអាមេរិក កាលពីខែមេសាឆ្នាំ២០១៣ ដែលបានក្លាយជា «ចំណាប់ខ្មាំងសេដ្ឋកិច្ច» របស់អាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ALSTOM។

ទីបំផុត ក្រុមហ៊ុន ALSTOM ដែលជាគជ់ផ្នែកឧស្សាហកម្មរបស់បារាំងត្រូវរលាយសាបសូន្យក្រោមការដាក់ទណ្ឌកម្មពីអាមេរិក។ ពីក្រុមហ៊ន Toshiba Alstom ដល់ក្រុមហ៊ុន Huawei រហូតដល់ក្រុមហ៊ុន Samsung និង TSMC អ្នករងគ្រោះពី «ការទូតបែបគំរាមកំហែង» របស់អាមេរិក គឺ ពាសពេញទូទាំងពិភពលោក។

គួររំលឹកថា ចាប់ពីយុទ្ធសាស្ត្រស្តពី «ការត្រឡប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វីកវិញ» របស់រដ្ឋាភិបាលលោក អូបាម៉ា ដល់រដ្ឋាភិបាលដូណាល់ ត្រាំ ដែលបានចាត់ទុកប្រទេសចិនជា «គូប្រជែងយុទ្ធសាស្ត្រ» រហូតដល់រដ្ឋាភិបាលលោក ចូ បៃដិន ដែលបានអនុវត្តគោលនយោបាយចំពោះ ប្រទេសចិនស្តីពី «ការប្រកួតប្រជែង សហការនិងបដិបក្ខគ្នា» អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ពីគោលបំណងជាយុទ្ធសាស្ត្រ របស់អាមេរិក ពោលគឺ ចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។

ដូច្នេះហើយ បានជាប្រទេសចិនដែលត្រូវសហរដ្ឋអាមេរិកចាត់ទុកថាជា «គូប្រជែងយុទ្ធសាស្ត្រដ៏កំបាំង» បានក្លាយជាគោលដៅចុងក្រោយនៃ «ការទូតបែបគំរាមកំហែង» របស់អាមេរិក។ ដោយឡែក អង្គការអន្តរជាតិមួយចំនួនក៏ត្រូវរងការគំរាមកំហែងពីអាមេរិកផងដែរ។ ដោយសារតែ រងការរារាំងជាបន្តបន្ទាប់ពីអាមេរិក បានជាស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកបានធ្លាក់ ក្នុងភាពជាប់គាំងកាលពីខែធ្នូ ឆ្នាំ២០១៩ ដោយសារចំនួនចៅក្រមមិនគ្រប់គ្រាន់ដែលបានបង្កការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិក ទោះបីជាបានឃើញពាក្យស្លោកដែលថា «អាមេរិកបានត្រឡប់មកវិញហើយ» ក៏ដោយ ក៏អ្វីដែលពួកគេ ទទួលបាន គឺមិនមែនសមភាពនោះទេ តែគឺជាការគំរាមកំហែង និងការរារាំងគ្រប់បែបយ៉ាង។ សូមយកគម្រោង Nord-Stream 2 ដែលរួមគ្នា សាងសង់ដោយសហគ្រាសមកពីប្រទេសអឺរ៉ុប ដូចជា រុស្ស៊ី និងអាល្លឺម៉ង់ជាដើមធ្វើជាឧទាហរណ៍ សហរដ្ឋអាមេរិកបានអះអាងថា នឹងដាក់ទណ្ឌកម្មលើភាគីនានាដែលចូលរួមការសាងសង់គម្រោងនេះ ដូច្នេះ អាល្លឺម៉ង់ក៏មិនត្រូវបានលើកលែងដែរ។

តាមពិតទៅ គោលបំណងរបស់អាមេរិក គឺដើម្បីពង្រីកការនាំចេញឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប។ តាមការទម្លាយនៃកាសែត «Politiken» របស់ដាណឺម៉ាកឱ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅដាណឺម៉ាក ធ្លាប់ទាមទារឱ្យកាសែតនេះបញ្ជាក់ថាតើខ្លួនបានប្រើប្រាស់គ្រឿងបរិក្ខារ អេឡិចត្រូនិករបស់សហគ្រាសបច្ចេកវិទ្យាពាក់ព័ន្ធរបស់ប្រទេសចិនដែរឬអត់ ហើយបានគំរាមកំហែងថា «ប្រសិនបើបដិសេធមិនផ្តល់ ព័ត៌មានពាក់ព័ន្ធឬប្រើប្រាស់គ្រឿងបរិក្ខាររបស់សហគ្រាសទាំងនេះ» នោះ ស្ថានទូតអាមេរិកប្រហែលនឹងបញ្ចប់ការជាវទិញកាសែតនេះ។

តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ស្ថានទូតអាមេរិកក៏បានលើកឡើងនូវការទាមទារស្រដៀងគ្នាទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់ ប្រទេសដាណឺម៉ាកដោយបានអះអាងថា នេះគឺជា «ប្រតិបត្តិការឯកភាពរបស់អាមេរិកក្នុងក្របខណ្ឌទូទាំងពិភពលោក»។ យ៉ាងណាមិញ ប្រឈមមុខនឹងការទាមទារគ្មានហេតុផលនេះរបស់សហរដ្ឋអាមេរិក កាសែត «Politiken» របស់ដាណឺម៉ាកបានបដិសេធយ៉ាងដាច់ម៉ាត់។

កាលពីឆ្នាំ២០០៣ បញ្ញវន្តមួយចំនួន ដូចជា លោក Robert J.Art សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Brandeis អាមេរិកជាដើមបាន សិក្សាស្រាវជ្រាវអំពីសំណុំរឿងពាក់ព័ន្ធនឹង «ការទូតបែបគំរាមកំហែង» ក្នុងរយៈពេល ១២ ឆ្នាំចាប់ពីបញ្ចប់សង្គ្រាមត្រជាក់ដល់ឆ្នាំ២០០៣ ហើយបានសរសេរសៀវភៅក្រោមចំណងជើងថា «The United States and Coercive Diplomacy»។

លោក Robert J.Art បានលើកឡើងក្នុងសៀវភៅនេះថា «ការទូតបែបគំរាមកំហែង» បានក្លាយជាឧបករណ៍នយោបាយដែលអ្នកសម្រេច គោលនយោបាយរបស់អាមេរិកងប់ងល់ប្រើប្រាស់ពីមួយថៃ្ងទៅមួយថៃ្ង ប៉ុន្តែពីការធ្វើអន្តរគមន៍នៅប្រទេសសូម៉ាលី និងតំបន់កូសូវូ រហូតដល់ គោលនយោបាយចំពោះកូរ៉េខាងជើងសុទ្ធតែបានបង្ហាញថា គោលនយោបាយបែបនេះ គឺ«បរាជ័យច្រើនជាងជោគជ័យ»។
បើមើលពីចក្ខុវិស័យវែងឆ្ងាយអាចឃើញថា ការប្រើប្រាស់ «ឧបករណ៍នយោបាយដែលមានហានិភ័យខ្ពស់» នេះនឹងបង់តម្លៃច្រើនជាង ការទទួលបានយ៉ាងខ្លាំង។ «វៀរតែអ្នកត្រៀមបំផុសសង្រ្គាមពេលទទួលបរាជ័យ បើពុំនោះសោត សូមកុំប្រើ'ការទូតបែបគំរាមកំហែង»។
នេះមិនមែនជារឿងចៃដន្យនោះទេ លោក Arnold Kanter អតីតអនុរដ្ឋមន្ត្រីក្រួសងការបរទេសអាមេរិកក៏ធ្លាប់លើកឡើងដែរថា «ការទូតបែប គំរាមកំហែង» ហាក់ដូចជាអាចសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយបង់តម្លៃយ៉ាងតិចតួច ប៉ុន្តែតាមពិតទៅគឺមិនសូវមាន ឧទាហរណ៍អាចបញ្ជាក់ថា វាមានប្រសិទ្ធភាពពិតប្រាកដនោះទេ។

ដូចការបូកសរុបនៃអត្ថបទមួយដែលបានបង្ហោះនៅលើវេបសាយ «Realclear Defense» របស់អាមេរិកថា បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រ អាចឃើញថាសហរដ្ឋអាមេរិកបានប្រើប្រាស់ «ការទូតបែបគំរាមកំហែង» ជាយុទ្ធសាស្រ្ត ការទូតជាប់រហូតដើម្បីជះឥទ្ធិពលដល់ទង្វើរបស់ គូប្រជែង ប៉ុន្តែ «ការទូតបែបគំរាមកំហែង» មិនអាចធានាឱ្យទទួលជោគជ័យបានទេ ផ្ទុយទៅវិញ បែរជាមានហានិភ័យដែលបណ្តាលឱ្យ ស្ថានការណ៍ឡើងកម្តៅ វាក៏ «ដូចការឈ្លានពានអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ អ៊ីច្ចឹង»។

តាមពិតទៅ អ្នកនយោបាយអាមេរិកដែលងប់ងល់នឹង «ការទូតបែបគំរាមកំហែង» បាន និងកំពុងអូសទាញអាមេរិកឱ្យដើរតាមផ្លូវ «ធ្វើអនុត្តរភាព មុខជានឹងថមថយចុះជាក់ជាមិនខាន»៕