(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) តាមប្រព័ន្ធវីដេអូនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងដើម្បីទប់ទល់ជាមួយនឹងការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) បានបញ្ជាក់ដូច្នេះថា «កិច្ចប្រជុំនេះនឹងបង្ហាញពីសម្ពន្ធភាពដ៏រ៉ឹងមាំរវាងសហរដ្ឋអាមេរិក និងជប៉ុនដែលជា មូលដ្ឋានគ្រឹះនៃសន្តិភាព, សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងនៅជុំវិញពិភពលោក»

គួរបញ្ជាក់ថា បើតាមសេតវិមាន ក្រៅតែពិភាក្សាគ្នាពីទំនាក់ទំនងទ្វេភាគី លោក ចូ បៃដិន និងលោក ហ្វូមីអុ គីស៊ីដា ក៏នឹងពិភាក្សាគ្នាផងដែរពី ការប្រយុទ្ធប្រឆាំងនឹង COVID-19, បច្ចេកវិទ្យា និងបញ្ហាប្រែប្រួលអាកាសធាតុ៕