(ព្រុចសែល)៖ យន្ដការចែកចាយវ៉ាក់សាំងសកល COVAX បានផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ចំនួន១ពាន់លានដូស នៅជុំវិញពិភពលោក ដែលកំពុងតស៊ូប្រយុទ្ធជាមួយមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ទៅកាន់ប្រទេសក្រីក្រ បានជួបប្រទះបញ្ហាជាច្រើន ដោយសារតែកង្វះខាតវ៉ាក់សាំង ខណៈបណ្ដាប្រទេសអ្នកមានសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនតាមគោលដៅកំណត់។ ប៉ុន្តែ អង្គការ Gavi ដែលជាសហដឹកនាំ COVAX ជាមួយអង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា COVAX នៅតែអាចសម្រេចបានការផ្គត់ផ្គង់វ៉ាក់សាំង ១ពាន់លានដូស ទៅកាន់ ប្រទេសចំនួន ១៤៤។

យន្ដការ COVAX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ជាមួយគោលដៅចែកចាយវ៉ាក់សាំងបង្ការ COVID-19 ឱ្យបាន២ពាន់លានដូស នៅដំណាច់ឆ្នាំ២០២១។ តែគោលដៅនេះមានភាពយឺតយ៉ាវ ដោយសារតែបណ្ដាប្រទេសអ្នកមាននាំគ្នាស្ដុកទុកវ៉ាក់សាំង និងរឹតត្បិតការនាំចេញ។

បើតាមអង្គការ WHO ទោះជាការចែកចាយវ៉ាក់សាំងតាមរយៈ COVAX បានកើនឡើងក៏ពិតមែន តែវានៅតែមានវិសមភាពខ្ពស់ដដែល។ ដ្បិត តួលេខចុងក្រោយបង្ហាញថា ៦៧ភាគរយនៃប្រជាជននៅតាមបណ្ដាប្រទេសអ្នកមានទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស ធៀបទៅនឹង ប្រជាជន ៥ភាគរយតែប៉ុណ្ណោះ នៅតាមបណ្ដាប្រទេសក្រីក្រ។ មិនតែប៉ុណ្ណោះ មកទល់នឹងបច្ចុប្បន្ន ៤០ភាគរយនៃប្រជាជនពិភពលោក នៅមិនទាន់ចាក់វ៉ាក់សាំងបង្ការដូសទី១ នៅឡើយទេ៕