(ម៉ៃអាមី)៖ អតីតសមាជិកព្រឹទ្ធសភាហៃទីមួយរូប ដែលជាប់សង្ស័យក្នុងការធ្វើឃាតប្រធានាធិបតីនៃប្រទេសមួយនេះត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសហ្សាម៉ាអ៉ីក។ នេះបើតាមអាជ្ញាធរហ្សាម៉ាអ៉ីក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរហ្សាម៉ាអ៉ីក បានឱ្យដឹងថាអតីតសមាជិកព្រឹទ្ធសភាហៃទី លោក ហ្សង់ ហ្សូអែល ហ្សូសែប (Jean Joel Joseph) និងមនុស្ស ៣នាក់ទៀតដែលជាសមាជិក គ្រួសាររបស់លោក៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតហ្សាម៉ាអ៉ីក បានផ្ដល់ដំណឹងដល់អាជ្ញាធរហៃទី ដែលបានបញ្ជាក់ថាលោក Joseph គឺជាមនុស្សម្នាក់ដែលអាជ្ញាធរកំពុងតាមចាប់ ដោយលោកជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការ ធ្វើឃាតប្រធានាធិបតីហៃទី លោក ហ្សូវេណែល ម៉ូអ៉ីស (Jovenel Moise)។

គួរបញ្ជាក់ថា ប្រធានាធិបតីហៃទី លោក ហ្សូវេណែល ម៉ូអ៉ីស (Jovenel Moise) ត្រូវបានគេធ្វើឃាត កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ហើយមនុស្សច្រើនជាង ៤០នាក់ ក្នុងនោះរួមទាំងជនជាតិកូឡុំប៊ី និងពលរដ្ឋអាមេរិកដើមកំណើតហៃទីជាច្រើននាល់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការលួចធ្វើឃាតនេះ៕