(សៀងហៃ)៖ ចិនបានបញ្ជាក់ជាថ្មីម្តងទៀត នូវគោលជំហរប្រឆាំងរបស់ខ្លួន ចំពោះការដាក់ទណ្ឌកម្មបែបឯកតោភាគីដោយសហរដ្ឋអាមេរិក ទៅលើប្រទេសអ៉ីរ៉ង់ កំលុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងសមភាគីអ៉ីរ៉ង់របស់លោក ហើយទន្ទឹមគ្នានេះ ទីក្រុងប៉េកាំងបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះកិច្ចប្រឹងប្រែងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ រវាងក្រុមប្រទេសមហាអំណាច និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

សេចក្តីសង្ខេបនៃជំនួបកាលពីថ្ងៃសុក្រម្សិលមិញ រវាងលោក វ៉ាង និងរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ឌុលឡាហៀន (Hossein Amirabdollahian) នៅឯទីក្រុងវូស៉ី (Wuxi) នៃខេត្តជាំងស៊ូ (Jiangsu) ត្រូវបានបង្ហោះជាសាធារណៈនៅលើវែបសាយ របស់ក្រសួងការបរទេសចិននាថ្ងៃសៅរ៍នេះ។

លោកប្រមុខការទូតចិនបានលើកឡើងថា សហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវធំ សម្រាប់បញ្ហាបច្ចុប្បន្នជាមួយអ៉ីរ៉ង់ ដោយសារតែការដកខ្លួនចេញដោយឯកឯង ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JPCOA កាលពីប៉ុន្មានឆ្នាំមុន។ លោក វ៉ាង បានសង្កត់ធ្ងន់ថា ចិននឹងគាំទ្រពេញទំហំងចំពោះ ការបន្តកិច្ចចរចាដើម្បីស្តារកិច្ចព្រមព្រៀងនេះឡើងវិញ ប៉ុន្តែនៅប្រកាន់គោលជំហរប្រឆាំងដាច់ខាត ចំពោះការដាក់ទណ្ឌកម្មបែបឯកតោភាគី និងមិនស្របច្បាប់ប្រឆាំងលើអ៉ីរ៉ង់ ក៏ដូចជាការកេងចំណេញផ្នែកនយោបាយ តាមរយៈការប្រើប្រធានបទដូចជាសិទ្ធិមនុស្ស និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៉ីរ៉ង់ ព្រមទាំងប្រទេសដទៃទៀតនៅក្នុងតំបន់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក្រោមអាណត្តិអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មជាថ្មីឡើងវិញលើប្រទេសអ៉ីរ៉ង់ បន្ទាប់ខ្លួនបានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨ ក្រោមហេតុផលថា លក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនោះ មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែរ, កម្មវិធីមីស៉ីលបាលីស្ទិក និងឥទ្ធិពលរបស់អ៉ីរ៉ង់នៅក្នុងតំបន់ឡើយ។ មួយឆ្នាំក្រោយមក អ៉ីរ៉ង់ក៏បានចាប់ផ្តើមលែងគោរពកិច្ចព្រមព្រៀងតទៅទៀត។ បច្ចុប្បន្ន ភាគីទាំងនេះកំពុងជាប់គាំង ក្នុងការស្វែងរកចំណុចឯកភាពគ្នា ដើម្បីអាចឆ្ពោះទៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ៕