(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន បានរាយការណ៍ថា សិស្សសាលាមួយចំនួន ដែលកំពុងចូលរួមការប្រលងចូលសាកលវិទ្យាល័យនាថ្ងៃសៅរ៍នេះ ត្រូវបានគេចាក់ឱ្យរងរបួស ក្នុងករណីវាយប្រហារដោយកាំបិតនៅឯទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា មនុស្ស៣នាក់បានទទួលរងរបួស កាលពីព្រឹកថ្ងៃសៅរ៍នេះ នៅពេលដែលសិស្សម្នាក់ទៀត បានប្រើវត្ថុមុតស្រួចមួយ ដែលទំនងជាផ្លែកាំបិតចាក់ទៅលើពួកគេ មុនការប្រលងចាប់ផ្តើមនៅក្នុងសាកលវិទ្យាល័យតូក្យូ។ សារព័ត៌មានជប៉ុន Asahi បានរាយការណ៍ថា ជនសង្ស័យដែលជាសិស្សសាលាវ័យ១៧ឆ្នាំ ត្រូវបានចាប់ខ្លួន។ ចុងសប្តាហ៍នេះ សិស្សសាលាប្រមាណកន្លះលាននាក់ នៅទូទាំងប្រទេសជប៉ុន កំពុងចូលរួមការប្រលងប្រចាំឆ្នាំ ដើម្បីអាចទៅបន្តការសិក្សា នៅកម្រិតសាកលវិទ្យាល័យ។

គួរបញ្ជាក់ថា បទល្មើសហិង្សាគឺជារឿងយ៉ាងកម្រនៅក្នុងប្រទេសជប៉ុន ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញមាន ករណីវាយប្រហារដោយប្រើកាំបិតជាបន្តបន្ទាប់។ តួយ៉ាងកាលពីខែតុលា ឆ្នាំ២០២១ បុរសម្នាក់ស្លៀកពាក់ជាតួអង្គខ្សែភាពយន្ត ចូកឃើ (Joker) បានធ្វើសកម្មភាពចាក់មនុស្សយ៉ាងកំរោល ក្នុងរថភ្លើងនៅទីក្រុងតូក្យូ។ រីឯប៉ុន្មានខែមុននោះ មានករណីបុរសម្នាក់ បានចាក់មនុស្សប៉ុន្មាននាក់ទៀតឱ្យរងរបួស ក្នុងរថភ្លើងដូចគ្នា ហើយកើតឡើងនៅទីក្រុងតូក្យូដដែល៕