(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានប្រកាសថ្កោលទោសប្រទេសកូរ៉េខាងជើង ចំពោះការធ្វើតេស្តបាញ់មីស៊ីលចំនួន ២គ្រាប់កាលពីថ្ងៃសុក្រ ដោយរំលោភលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលោកក៏បានប្រកាសពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខកូរ៉េខាងត្បូង ដោយប្រើ «រនាំងដែក» ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

នៅក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ជុង អ៊ុយយ៉ុង (Chung Eui-yong), លោក Antony Blinken បានថ្លែងយ៉ាងដូច្នេះថា «សម្ព័ន្ធភាពទ្វេភាគីរវាងប្រទេសទាំងពីរ គឺជាស្នូលនៃសន្តិភាព សន្តិសុខ និងវិបុលភាពនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតំបន់ឆ្ងាយពីនេះទៀត»។ ប្រមុខការទូតអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីភាពចាំបាច់នៃការបន្ត កិច្ចសហប្រតិបត្តិការត្រីភាគីរវាង «អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង» ហើយសហរដ្ឋអាមេរិកនឹងនៅតែរក្សាខ្លួនឯងជា «រនាំងដែក» ដើម្បីការពារសន្តិសុខកូរ៉េខាងត្បូងជានិច្ច។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ត្រូវបានដកស្រង់ការចេញផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ នេះថា ការបាញ់តេស្តគ្រាប់មីស៊ីល ២គ្រាប់កាលពីថ្ងៃសុក្រម្សិលមិញ គឺត្រូវបានធ្វើឡើងចេញពីផ្លូវរថភ្លើង ហើយវាក៏ជាការធ្វើតេស្តអាវុធលើកទី ៣ ផងដែរសម្រាប់ឆ្នាំ ២០២២ នេះ។

វាបានកើតមានឡើង នៅក្រោយទីក្រុងព្យុងយ៉ាងព្រមានថា នឹងចាត់វិធានការយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត។ កូរ៉េខាងជើងបានអះអាងថា ការធ្វើតេស្តមីស៊ីលទាំងឡាយរបស់ខ្លួន គឺស្ថិតនៅក្នុងន័យ ហ្វឹកហ្វឺនជំនាញការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានហៅទង្វើបែបនេះថា ជាការបង្កឲ្យមានអស្ថិរភាពខ្លាំងនៅក្នុងតំបន់ ទើបជំរុញឲ្យខ្លួនដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕