(សេអ៊ូល)៖ ប្រភពពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) កូរ៉េខាងជើងបានធ្វើតេស្តបាញ់គ្រាប់មីស៊ីល រហូតដល់ទៅចំនួន ២គ្រាប់ឯណោះ ទៅធ្លាក់នៅក្នុងដែនសមុទ្រភាគខាងកើតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាល្ងាចថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មីស៊ីលទាំងពីរគ្រាប់នោះ អាចជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដោយត្រូវបានបាញ់ចេញពីមូលដ្ឋានលើដី ស្ថិតនៅភាគខាងលិច នៃខេត្តព្យុងហ្គានខាងជើង (North Pyongan)។ យោធាកូរ៉េខាងត្បូងពេលនេះ កំពុងប្រុងជើងការនៅឡើយ ដើម្បីត្រៀមចាំមើល ក្រែងលោមានការបាញ់មីស៊ីលបន្ថែមទៀត ដោយប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលលើកចុងក្រោយ (ជាលើកទី ៣) បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង កាលពីព្រឹកថ្ងៃសុក្រនេះ បានព្រមានទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ចំពោះការដាក់ទណ្ឌកម្មនោះ។ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦នាក់ (ពីដំបូងឡើយមានការអះអាងថា តែ ៥នាក់ប៉ុណ្ណោះ) ដែលសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍគ្រាប់មីស៊ីល និងអាវុធប្រល័យលោក នៅប្រទេសកូរ៉េខាងជើង។

កាលពីការធ្វើតេស្តមីស៊ីលពីរលើកមុន ក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិក សុទ្ធតែបានអះអាងថា ជាប្រភេទមីស៊ីលបាលីស្ទីក (មីស៊ីលផ្លោងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ប៉ុន្តែក្រោយការធ្វើតេស្តនោះ ទីក្រុងព្យុងយ៉ាងបានអះអាងថា ពួកវាជាប្រភេទមីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile)។ យ៉ាងណាក៏ដោយ ការធ្វើតេស្តលើកទី ៣ កាលពីរសៀលថ្ងៃសុក្រនេះ ទីក្រុងព្យុងយ៉ាងនៅមិនទាន់ចេញសេចក្តីប្រកាសណាមួយ ដើម្បីបញ្ជាក់ពីភាពជោគជ័យ ឬប្រភេទនៃមីស៊ីលរបស់ខ្លួននៅឡើយទេ៕