(កៀវ)៖ ការវាយប្រហារទ្រង់ទ្រាយធំមួយតាមប្រព័ន្ធព័ត៌មានវិទ្យា បានកើតមានឡើងចំពោះបណ្តាវែបសាយរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមកទល់ឥឡូវវែបសាយមួយចំនួន នៅតែមិនទាន់អាចដំណើរការឡើងវិញបានដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ការវាយប្រហារព័ត៌មានវិទ្យាខាងលើ ដែលត្រូវបានគេធ្វើឡើងចំពោះ វែបសាយរដ្ឋាភិបាលអ៊ុយក្រែន ដូចជាវែបសាយក្រសួងការបរទេស, វែបសាយគណៈរដ្ឋមន្រ្តី, វែបសាយក្រុមប្រឹក្សាសន្តិសុខ-ការពារជាតិ និងវែបសាយក្រសួងអប់រំ ជាដើមនោះ គឺកើតមានស្របពេលដែល រុស្ស៉ីបានចាត់ទុកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក និងអង្គការ NATO ថាជារឿងបរាជ័យ ហើយប៉ូឡូញបានព្រមានពីសង្រ្គាមផ្ទុះឡើង។

អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៊ុយក្រែន បានលើកឡើងថា វាដូចជាលឿនពេកក្នុងការសន្និដ្ឋានអំពី អ្នកដែលអាចនៅពីក្រោយ ការវាយប្រហារព័ត៌មានវិទ្យានេះ ប៉ុន្តែអ្នកនាំពាក្យរូបនោះបានបន្ថែមថា ប្រទេសរុស្ស៉ីធ្លាប់ធ្វើសកម្មភាពស្រដៀងគ្នានេះ កាលពីមុនមក។ យ៉ាងណាក្តី ទីក្រុងម៉ូស្គូតែងតែចេញមុខបដិសេធ ចំពោះការចោទប្រកាន់ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យា លើអ៊ុយក្រែន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង NATO បានចោទប្រកាន់រុស្ស៉ីថា មានផែនការចង់ឈ្លានពានលើអ៊ុយក្រែន ប៉ុន្តែរុស្ស៉ីបានច្រានចោលថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែគឺ NATO ទៅវិញទេដែលកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់។ ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា បាននិងកំពុងបង្ហាញសារព្រមានដោយប្រយោល អំពីការផ្ទុះសង្គ្រាមឡើង ប្រសិនបើប្រទេសអ៊ុយក្រែន នៅតែរឹងទទឹងចង់ក្លាយជាសមាជិក នៃអង្គការ NATO៕