(ម៉ូស្គូ)៖ រុស្ស៊ីបានចាត់ទុកថា កិច្ចចរចាស្ដីពីបញ្ហាសន្តិសុខជាមួយសហរដ្ឋអាមេរិក និងអង្គការ NATO នៅក្នុងសប្ដាហ៍នេះបានទទួលបរាជ័យ ដ្បិតការខ្វែងគំនិតគ្នា នៅតែមានលើបញ្ហាធំៗជាច្រើន ខណៈប្រទេសមួយនៅអឺរ៉ុប បានព្រមានពីសង្គ្រាមផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានបន្ថែមថាកិច្ចប្រជុំទាំង ២ជុំ ក្នុងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ពិតជាមានលទ្ធផលវិជ្ជមានមួយចំនួន ប៉ុន្តែទីក្រុងម៉ូស្គូចង់បានលទ្ធផលច្បាស់លាស់។

ដោយឡែក ជុំវិញភាពបរាជ័យនៃកិច្ចចរចានេះដែរ នៅក្នុងកិច្ចប្រជុំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៃតំបន់អឺរ៉ុប (OSCE) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក ហ្សាប៊ីកនីវ រ៉ាវ (Zbigniew Rau) បានព្រមានថា «អឺរ៉ុបកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត នៃការផ្ទុះសង្រ្គាម ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដោយសារតែភាពតានតឹងបច្ចុប្បន្ន»

លោក Zbigniew Rau មិនបានលើកចំឈ្មោះប្រទេសរុស្ស៊ីទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ពីភាពតានតឹង នៅក្នុងប្រទេសអ៊ុយក្រែន ហ្ស៊កហ្ស៊ី អាមេនី និងម៉ូលដូវ៉ា ដែលប្រទេសទាំងនេះសុទ្ធតែកំពុងស្ថិតនៅក្រោម ហានិភ័យនៃការផ្ទុះជម្លោះជាមួយរុស្ស៊ី។

គួរបញ្ជាក់ថា រុស្ស៊ីបានច្រានចោលការចោទប្រកាន់ជារឿយៗពីសំណាក់អាមេរិក និងអង្គការ NATO ថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែគឺ NATO ទៅវិញទេដែលកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់។ ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា បាននិងកំពុងបង្ហាញសារព្រមានដោយប្រយោល អំពីការផ្ទុះសង្គ្រាមឡើង ប្រសិនបើប្រទេសអ៊ុយក្រែន នៅតែរឹងទទឹងចង់ក្លាយជាសមាជិក នៃអង្គការ NATO៕