(ញូដេលី)៖ ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់ជាង៣៦លាននាក់ នាថ្ងៃពុធនេះ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១៩៤,៧២០នាក់ ត្រូវបានកត់ត្រាបន្ថែមទៀតកំលុងពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

នេះគឺជាថ្ងៃទី៤ជាប់ៗគ្នាហើយ ដែលឥណ្ឌាបានមើលឃើញ ករណីឆ្លងថ្មីៗក្នុងមួយថ្ងៃច្រើនជាង១៥០,០០០នាក់ បែបនេះ ត្រូវបានរាយការណ៍នៅក្នុងប្រទេសរបស់ខ្លួន ហើយតួលេខនេះថ្ងៃនេះ ក៏ជាតួលេខប្រចាំថ្ងៃខ្ពស់ជាងគេបំផុតផងដែរ គិតក្នុងអំលុងពេលប្រមាណជា៨ខែចុងក្រោយ។

ក្រៅពីករណីឆ្លងថ្មីៗ ឥណ្ឌាបានរាយការណ៍ពីករណីស្លាប់ចំនួន ៤៤២នាក់បន្ថែមទៀត ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងប្រទេសកើនដល់ ៤៨៤,៦៥៥នាក់ ហើយអ្នកជំងឺ ៦០,៤០៥នាក់ ទើបតែបានជាសះស្បើយ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៣៤,៦៣០,៥៣៦នាក់។

គួរបញ្ជាក់ថា សម្រាប់ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅក្នុងប្រទេសឥណ្ឌាវិញ គឺបានកើនដល់ ៤,៨៦៨នាក់ ក្នុងនោះរដ្ឋ៣ ដែលមានករណីឆ្លងច្រើនជាងគេ គឺម៉ាហារ៉ាស្រ្តា (Maharashtra) ដែលមាន ១,២៨១ករណី, រ៉ាចាស្ថាន (Rajasthan) ដែលមាន ៦៤៥ករណី និងដេលី (Delhi) ដែលមាន ៥៤៦ករណី។ មកទល់ពេលនេះ ប្រជាជនឥណ្ឌាជាង៤៦ភាគរយ បានចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស៕