(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខការពារវិធានការឆ្លើយតបនៃរដ្ឋបាលរបស់លោកប្រឆាំងនឹង COVID-19 ខណៈករណីឆ្លងប្រចាំថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក កើនឡើងយ៉ាងគំហុក ហើយក្នុងនោះករណីឆ្លងមួយភាគធំបង្កឡើងមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងចំពេលរូបលោកផ្ទាល់កំពុងរងការរិះគន់យ៉ាងខ្លាំង ជុំវិញការដោះស្រាយការឆ្លងរាតត្បាត COVID-19 មិនបានល្អ។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូប បានបញ្ជាក់យ៉ាងខ្លីថាលោកផ្ទាល់ មានជំនឿចិត្តថាសហរដ្ឋអាមេរិកកំពុងដើរលើផ្លូវត្រូវ ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ប្រចាំថ្ងៃដល់ទៅ ១.៣៥លានករណី ដែលនេះជា តួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់ជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក ហើយករណីឆ្លងមួយភាគធំបង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ បើតាមមជ្ឈមណ្ឌល អាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង គិតត្រឹមថ្ងៃទី០៨ ខែមករានេះ អូមីក្រុងបានរ៉ាប់រង ៩៨.៣ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗទាំងអស់នៅក្នុង សហរដ្ឋអាមេរិក៕